ជប៉ុន ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

សង្គម​ និង​សេដ្ឋកិច្ច

លោក ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាថា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួប លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នាឆ្នាំ២០២៣ ព្រមទាំងប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ លោក ក៏ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការងារបោសសម្អាតមីន។

ជាការឆ្លើយតប សម្តេចធិបតី ជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តត្រូវបានពូនជ្រំឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការគាំទ្រប្រកបដោយភាពបត់បែនរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនវិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុន សំដៅពង្រឹង និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច និងធុរកិច្ច (B2B) មកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។


សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីបានជម្រាបពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន