នារសៀលថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងបន្តថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

ពិធីដ៏មានអត្ថន័យនេះ គឺជាការរំលឹកដល់ព្រះមហាករុណាទិគុណ និងព្រះរាជវីរភាពដ៏ឧត្តុង្គឧត្តមរបស់ «ព្រះបរមរតនកោដ្ឋ» ដែលបានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហាន និងបូជាព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។
ជាមួយគ្នានេះ ក៏ជាការរំលឹក និងសម្ដែងនូវការដឹងគុណចំពោះវីរភាព និងពលិកម្មដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋខ្មែរ ដែលបានរួបរួមសាមគ្គីគ្នាក្នុងបុព្វហេតុជាតិ ដើម្បីដណ្តើមបានមកវិញនូវឯករាជ្យ សិទ្ធិសេរីភាព អធិបតេយ្យ និងភាពជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ។
សមាគមឧកញ៉ាកម្ពុជា តែងប្រកាន់ខ្ជាប់នូវស្មារតីចងចាំ និងដឹងគុណចំពោះរាល់ការលះបង់ និងពលិកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន ដោយចាត់ទុកឯករាជ្យជាតិ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនរបស់ប្រទេសជាតិ។
សមាគមឧកញ៉ាកម្ពុជា នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាតម្លៃនៃឯករាជ្យជាតិ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ រីកចម្រើន និងប្រកបដោយចីរភាព។




















