កម្ពុជាបង្កើតតំបន់ការពារពូជក្រពើភ្នំដំបូងគេ សង្រ្គោះប្រភេទសត្វជិតផុតពូជបំផុតលើលោក

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជាបានប្រកាសបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ជាផ្លូវការ និងជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដើម្បីផ្តល់ការការពារស្របច្បាប់យ៉ាងពេញលេញដល់ប្រភេទសត្វកម្រជិតផុតពូជបំផុតនេះ ឱ្យអាចបន្តពូជ និងរស់រាននៅក្នុងធម្មជាតិប្រកបដោយនិរន្តរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំបន់អភិរក្សនេះមានទំហំប្រមាណ ៣១៥ ហិកតា ១១ អា ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាផ្នែកមួយនៃឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាជម្រកពងកូនរបស់សត្វក្រពើភ្នំធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នមានវត្តមានក្រពើភ្នំរស់នៅជាង ៤០ ក្បាល។

ការសម្រេចបង្កើតតំបន់ការពារនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការអភិរក្សអន្តរជាតិ (CI), អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) ព្រមទាំងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន។ ការផ្តល់កិច្ចការពារស្របច្បាប់នេះ មិនត្រឹមតែជួយសង្គ្រោះសត្វក្រពើភ្នំពីការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម និងគាំទ្រដល់ការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ជួរភ្នំក្រវាញសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕