សម្តេច ហ៊ុន សែន ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់កម្ពុជា ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ចិន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញ​ដឹក​​នាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងឪកាសទស្សនកិច្ចនេះ សម្តេចតេជោ នាយក​រដ្ឋមន្រ្តី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក លី ជានស៊ូ ប្រធាន​សភាដំណាងប្រជាជនចិន ហើយក៏មានជំនួបទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីផ្លាស់​ប្តូរ​ទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងក្តីកង្វល់រួម​ក្នុងតំបន់ និងអន្តរជាតិ។

ក្រៅពីជំនួបទ្វេភាគីនោះ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ​កិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជា​ដៃ​គូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យកាន់ស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផល​ប្រយោ​ជន៍​​​ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

សូមជម្រាបជូនថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា ខណៈ​ដែលមន្រ្តីជាន់ខ្ពស់ចិនបានលើកឡើងថា ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ គឺជា​មិត្ត​ដែក​ថែប​​ដែលគាំទ្រគ្នាយ៉ាងមុតមាំទៅវិញទៅមក ក៏ជាសហគមន៍វាសនារួម ដែលជួយគ្នាទៅវិញទៅមករួម​​សុខ​ទុក្ខ​​ជាមួ​​យ​​គ្នា។ ក្រោម​ការដឹកនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់នៃប្រទេសទាំងពីរ និង ការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់​ទំនង​​រវាងចិននិងកម្ពុជាបានឈានចូលដល់យុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម បានក្លាយជាគំរូសម្រាប់ទំនាក់ទំនង​រវាង​ប្រទេសនិងប្រទេស និង ជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី។