ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ ត្រូវរក្សាស្មារតីដឹងគុណជានិច្ចចំពោះលោកឪពុកអ្នកម្តាយ លោកគ្រូអ្នកគ្រូ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារ ដែលបានខិតខំផ្តល់ឱកាស និងជ្រោមជ្រែងឱ្យពួកគេទទួលបានការអប់រំប្រកបដោយសមធម៌។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ភាពជោគជ័យនៃការអប់រំនៅខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេសនាពេលបច្ចុប្បន្ន គឺកើតចេញពីការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រួមនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍវិស័យអប់រំយ៉ាងខ្លាំងក្លា។ ក្នុងស្មារតីនេះ ឯកឧត្តមបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា ឱ្យបន្តការតស៊ូក្រេបជញ្ជក់ចំណេះដឹង និងជំនាញថ្មីៗបន្ថែមទៀតនៅកម្រិតឧត្តមសិក្សា ដើម្បីអភិវឌ្ឍខ្លួនក្លាយជាយុវជនប្រកបដោយសក្ដានុពលខ្ពស់សម្រាប់ចូលរួមចំណែកកសាងជាតិមាតុភូមិ។

ទន្ទឹមនឹងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសីលធម៌ និងគុណធម៌ក្នុងការរស់នៅ ដោយបានផ្តាំផ្ញើ និងទូន្មានដល់សិស្សានុសិស្សទាំងអស់ ឱ្យចៀសឆ្ងាយដាច់ខាតពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ។ ឯកឧត្តមបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ធនធានមនុស្សជំនាន់ក្រោយនឹងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ប្រសិនបើយុវជនចេះខិតខំប្រឹងប្រែងរៀនសូត្រ ប្រកាន់ខ្ជាប់នូវវិន័យ និងរក្សាបាននូវភាពថ្លៃថ្នូរក្នុងសង្គម។
សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នេះ សិស្សានុសិស្សទូទាំងខេត្តព្រៃវែង ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ដោយក្នុងនោះរួមមាន៖ សិស្សជាប់និទ្ទេស A ចំនួន ១០៥នាក់, និទ្ទេស B ចំនួន ៥៨១នាក់, និទ្ទេស C ចំនួន ១.៥៧៨នាក់, និទ្ទេស D ចំនួន ២.៩៦៣នាក់ និងនិទ្ទេស E ចំនួន ៣.០៣៩នាក់៕

