សួនឧស្សាហកម្មធំៗរបស់ចិនចំនួន៣ នឹងបោះទុនវិនិយោគបង្កើតរោងចក្រថ្មី នៅខេត្តកំពង់ស្ពឺ ឆាប់ៗនេះ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នមានសួនឧស្សាហកម្មរបស់ចិនចំនួន៣ បានបង្ហាញបំណង នឹងមកបោះទុនវិនិយោគបង្កើតរោងចក្រ លើទឹកដីខេត្តកំពង់ស្ពឺ។នេះបើយោងតាមដំណើរអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់របស់លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងគណៈប្រតិភូខេត្តទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារ និងពិនិត្យច្រវ៉ាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ ដូចមានខាងក្រោម ៖

១- សួនឧស្សាហកម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន (មាន ៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។ លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន ២ រោងចក្រ (ផលិតកាបូបម៉ាកល្បីៗ) មានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ ៣,០០០កន្លែង។

២- សួនឧស្សាហកម្ម ហុង អ៉ី  (មាន ៦ រោងចក្រ សហគ្រាស)  ដែលមាន រោងចក្រ សហគ្រាស ចំនួន ៦ (កាត់ដេរសម្លៀកបំពាក់) នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ នឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦,០០០កន្លែង)។

៣- សួនឧស្សាហកម្ម ហ្វីចូវ (មាន ៤៤ រោងចក្រ សហគ្រាស) ជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទនិងស្គ្រីនទូរស័ព្ទ, ជ្រលក់ព័ណ៌ក្រណាត់) សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាស ១៧ នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤,០០០នាក់។

បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានអះអាងថា សរុបជារួម រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន ២៥កន្លែង ហើយជាជំហានដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង ដែលនឹងត្រូវមានវត្តនៅខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣ នេះ លើតម្រូវការសរុបប្រមាណជាង៥០,០០០កន្លែង។

សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ៕