អគ្គនាយកស៊ីម៉ាក់ចោទសួរទៅភាគីថៃ ៖ តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦និង២០២៣​ អាចជាសំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣កើតដែរឬ?

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចោទសួរទៅនឹងការលាបពណ៌របស់ថៃ ថា តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦និង២០២៣​ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ លោកហេង រតនា បានលើកឡើងឃ្លាមួយប្រៀបទៅនឹងការចោទប្រកាន់ លាបពណ៌គ្មានការពិតរបស់ភាគីថៃ ថា « ការកែឆ្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោចនិងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី!»។

លោកបានលើកឡើងថា «សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន​ ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា​ កម្ពុជាខូចរកស៊ីលាបពណ៌​ថៃ​ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣​ មកដាក់តាំងបង្ហាញ​ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមននេះ​ ផលិតឆ្នាំ១៩៩៦​ ហើយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣! តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦និង២០២៣​ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ?

លោកបានបន្ថែមថា ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀ​តនៅកប់ដីនៅឡើយ​ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន​ និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញCMACដោះបន្សាបនាពេលខាងមុខ។

ជាមួយគ្នានេះ លោកហេង រតនា ក៏បានបញ្ជាក់បន្ថែមថា ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម​ គ្រាប់បែកចង្កោម​ និងគ្រាប់ជាច្រើនប្រភេទ​ ហើយនៅពេលឃើញរណ្តៅគ្រាប់និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរ​ថា រណ្តៅគ្រាប់ទាំងនោះ​ខែ្មររៀបចំជីករណ្តៅបង្ហាញ​ ដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ​ ហើយថៃជាជនរងគ្រោះទៅវិញ!

បញ្ហាគ្រាប់មីន​ សៀមខិតខំបង្ហាញថា​ ខ្លួនជាជនរងគ្រោះ ព្រោះខែ្មរប្រើគ្រាប់មីនPMN-2ថ្មី​ ក្នុងទឹកដីថៃ​។ អគ្គនាយកស៊ីម៉ាក់ ចោទសួរថា តើយកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះ​ជាដីមានជម្លោះ!

លោក ហេង រតនា ក៏បានសង្កត់ថា មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ​ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ​ ដូចជាគ្រាប់បែក​MK-82 MK-84 និងគ្រាប់បែកចង្កោម​ មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត​ អ្នកលក់ដូរ​ អ្នកដឹកជញ្ជូន​ និងអ្នកប្រើប្រាស់៕