ក្រុមហ៊ុន អេចស៉ីអេសធី អ៉ិនវេសម៉ិន ឯ.ក (HCST) បានបន្តសម្រេចបាននូវជោគជ័យគួរជាទីមោទនៈ ក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេសជាបន្តបន្ទាប់ ដែលជាការបើកទំព័រថ្មីមួយទៀតសម្រាប់ការពង្រីកទីផ្សារកសិផលខ្មែរទៅកាន់តំបន់អឺរ៉ុប។


ដើម្បីអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងនេះ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូចុះអបអរសាទរដោយផ្ទាល់ដល់ទីតាំងរោងចក្ររបស់ក្រុមហ៊ុន HCST។
ការបន្តសម្រេចបាននូវការនាំចេញនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសមត្ថភាពដ៏រឹងមាំរបស់ក្រុមហ៊ុន ក្នុងការរក្សាបាននូវគុណភាពផលិតផលស្របតាមស្តង់ដាអន្តរជាតិ និងអាចឆ្លើយតបយ៉ាងពេញលេញទៅនឹងលក្ខខណ្ឌតម្រូវការដ៏តឹងរ៉ឹងបំផុតនៃទីផ្សារពិភពលោក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងមោះមុត និងស្វាហាប់ ដើម្បីធានាបាននូវនិរន្តរភាពនៃការនាំចេញ ព្រមទាំងបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិថ្មីៗបន្ថែមទៀតនាពេលខាងមុខ។
ក្នុងឱកាសនោះ លោកជំទាវ សុមេធ សុមនា បានបញ្ជាក់ថា ក្នុងនាមក្រសួងពាណិជ្ជកម្ម ក្រុមការងារជំរុញការនាំចេញនឹងបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសម្របសម្រួល និងជំរុញការភ្ជាប់ទំនាក់ទំនងទីផ្សារ ដើម្បីបើកផ្លូវជូនផលិតផលកម្ពុជាទៅកាន់ទីផ្សារគោលដៅធំៗ ជាពិសេសការស្វែងរក និងពង្រីកទីផ្សារសក្តានុពលនៅក្នុងតំបន់អឺរ៉ុប និងតំបន់អាស៊ាន។
សូមបញ្ជាក់ថា ជោគជ័យនៃការនាំចេញរបស់ក្រុមហ៊ុន HCST មិនត្រឹមតែជាមោទនភាព និងការរីកចម្រើនរបស់ក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ដានុពលដ៏ធំធេងមួយសម្រាប់វិស័យគ្រាប់ស្វាយចន្ទីកម្ពុជាទាំងមូល ក្នុងការបន្តពង្រីកទីផ្សារ និងបង្កើនការនាំចេញផលិតផលកែច្នៃ ដែលជួយជំរុញកំណើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរឱ្យកាន់តែប្រសើរឡើងនៅលើឆាកអន្តរជាតិ៕







