ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់ការប្រយុទ្ធគ្នា ដោយលោកបានលើកឡើងថា ប្រទេសអ៉ីរ៉ង់ កំពុងរងនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃទី២៦ ខែកញ្ញា ថា៖ “ពួកគែបានដាក់សំណើមក ប៉ុន្តែខ្ញុំបានបដិសេធ”។ នេះគឺចង់សំដៅលើផែនការបទឈប់បាញ់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញដែលអ៉ីរ៉ង់ទើបតែបានស្នើឡើងកាលពីពេលថ្មីៗនេះ។
លោក ត្រាំ បានបន្ថែមទៀតថា អ៉ីរ៉ង់ចង់សម្រេចបានកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ដោយសារតែពួកគេកំពុងរងការបរាជ័យយ៉ាងធ្ងន់ធ្ងររួចទៅហើយ។
យ៉ាងណាមិញ បន្ទាប់ពីការថ្លែងរបស់លោក ត្រាំ បែបនេះ មន្ត្រីអ៉ីរ៉ង់ ក៏បានចេញមុខឆ្លើយតបវិញថា មានតែផ្លូវការទូតប៉ុណ្ណោះដែលប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះនេះបាន។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានមានប្រសាសន៍ថា៖ “លក្ខខណ្ឌរបស់យើងគឺច្បាស់លាស់ណាស់ ហើយរាល់ចំណាត់ការឆ្ពោះទៅរកការបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺអាស្រ័យលើការឆ្លើយតបតាមលក្ខខណ្ឌទាំងនេះ”។
មិនតែប៉ុណ្ណោះ បើតាមលោក Araqchi ទោះបីជាមានការថ្លែងជាសាធារណៈរបស់លោក ត្រាំ ក៏ដោយ ក៏ភាគីកណ្តាលសម្របសម្រួលការចរចារវាងអាមេរិក និងអ៉ីរ៉ង់ មិនទាន់បានជូនដំណឹងផ្លូវការអំពីការបដិសេធផែនការនេះពីសំណាក់អាមេរិកនៅឡើយទេ៕

