លោក Yan Junjie ស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MiniMax Group ដែលជាអ្នកអភិវឌ្ឍគំរូភាសា AI របស់ប្រទេសចិន បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាលើកដំបូង នៅក្នុងទីផ្សារហ៊ុនហុងកុង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ឲ្យថា បច្ចុប្បន្នបុរសវ័យ ៣៦ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,២ពាន់លានដុល្លារ បន្ទាប់ពីការបោះផ្សាយលក់ IPO របស់ក្រុមហ៊ុន MiniMax កាលពីសប្តាហ៍មុន។
ក្រុមហ៊ុន AI ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃនេះ បានរៃសង្គាសប្រាក់បានចំនួន ៤,៨ពាន់លានដុល្លារហុងកុង (៦១៨លានដុល្លារ) ក្នុងការការផ្តល់ជូននេះ។ ហើយមិនតែប៉ុណ្ណោះ MiniMax ក៏មានគម្រោងបញ្ជូនប្រាក់ចំណូលភាគច្រើនដែលបានពីការលក់ IPO នេះ ទៅអភិវឌ្ឍគំរូភាសា AI របស់ខ្លួនបន្ថែមទៀតផងដែរ។
ជម្រាបជូនថា MiniMax កំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដោយប្រាក់ចំណូលក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ បានកើនឡើងជិតបីដងដល់ ៥៣,៤លានដុល្លារ។ ក្នុងពេលជាមួយគ្នានេះ ការខាតបង់បានកើនឡើងជិត ៧០% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៥១២លានដុល្លារ ដែលឆ្លុះបញ្ចាំងពីការចំណាយយ៉ាងច្រើនលើការស្រាវជ្រាវ៕

