កម្ពុជា-នីហ្សេ បង្កើតទំនាក់ទំនងការទូតជាផ្លូវការ និងត្រៀមជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Bakary Yaou Sangaré រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ និងជនជាតិនីហ្សេនៅបរទេស ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីការបើកទំព័រ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ភាគីកម្ពុជាបានបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូសហការជាមួយប្រទេសនីហ្សេ លើវិស័យសក្តានុពលសំខាន់ៗជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ វប្បធម៌ និងទេសចរណ៍។

ជាលទ្ធផលនៃជំនួប ថ្នាក់ដឹកនាំការទូតនៃប្រទេសទាំងពីរ បានចុះហត្ថលេខាជាផ្លូវការលើ «កិច្ចព្រមព្រៀងស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋនីហ្សេ»។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ នឹងដើរតួនាទីជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការកសាងចំណងមិត្តភាព សាមគ្គីភាព និងការត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកឱ្យបានទៀងទាត់នាពេលអនាគត៕