លោក ហួត ហាក់៖ ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌា ពិតជាផ្តល់នូវភាពងាយស្រួល និងការទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌា ពិតជាផ្តល់នូវភាពងាយស្រួល និងការទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង  ជាពិសេសគឺនៅក្នុងរដូវកាលបៃតង និងព្រឹត្តិការណ៍យោគៈអន្តរជាតិដ៏ធំនៅកម្ពុជានាខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានថ្លែងបែបនេះ ក្នុង​ឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងឱកាសនៃពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា។

នាឱកាសនោះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះស្ថានទូតឥណ្ឌា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។

លោករដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងប្រទេសទាំងពីរនេះ ដែលនឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ គាំទ្រដល់អាជីវកម្មទេសចរណ៍ និងជំរុញការកសាងសេដ្ឋកិច្ចឌីជីថលដែលមានភាពតភ្ជាប់ និងបរិយាបន្ន និងជាការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។ បន្ថែមពីលើនេះ ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែននេះ ក៏នឹងជួយលើកកម្ពស់បទពិសោធការធ្វើដំណើរដ៏រលូនរបស់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌា និងបង្កើតឱកាសថ្មីៗ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា តាមរយៈការបង្កើនចំនួនភ្ញៀវទេសចរ ការពង្រឹងការតភ្ជាប់ជើងហោះហើរ ការលើកកម្ពស់ទេសចរណ៍សាសនា និងសុខុមាលភាព ព្រមទាំងការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

សូមជម្រាបជូនថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជា បានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២.០០០នាក់ ហើយរំពឹងថាចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត តាមរយៈការពង្រឹងការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗ ដែលជួយបង្កើនភាពងាយស្រួល និងបទពិសោធរបស់ភ្ញៀវទេសចរ ជាពិសេសព្រឹត្តការណ៍យោគៈអន្តរជាតិដែលនឹងរៀបចំនៅក្នុងប្រទេសកម្ពុជា៕