ណែនាំឱ្យស្គាល់ «សាកលវិទ្យាធិការ» នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS)

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជាអធិបតី ក្នុង​ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ថ្ងៃនេះដែរ​ ឧកញ៉ា ញូស៍ សូមណែនាំ​ឱ្យ​ស្គាល់ពី​ «សាកលវិទ្យាធិការ» ​​នៃ​សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ដែល​មាន​លោក​បណ្ឌិត​បញ្ចប់ការសិក្សាមកពីប្រទេសជប៉ុនមួយ​រូប​ កំពុង​ដឹកនាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​ លោក​បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ ​​នៃ​សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS)

សាកលវិទ្យាធិការ ​​នៃ​សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) បច្ចុប្បន្ន​គឺ​ លោក​បណ្ឌិត មាស បូរ៉ា។ បណ្ឌិត មាស បូរ៉ា កើត​នៅ​ឆ្នាំ​១៩៧៣ នៅ​ខេត្ត​ព្រៃវែង ហើយ​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​ច្បាប់​ ពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលឆ្នាំ​១៩៩៨។ បន្ទាប់មក លោក​បាន​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ Nagoya ប្រទេស​ជប៉ុន ​​អស់​រយៈពេល ៦​ឆ្នាំ និង​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត ​ជំនាញ​ច្បាប់​អន្តរជាតិ (សិទ្ធិមនុស្ស)។

ក្រោយ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ លោក​បណ្ឌិត មាស បូរ៉ា បាន​ចូល​បង្រៀននៅសាកលវិទ្យាល័យមួយចំនួន ហើយ​លោកក៏​បាន​ក្លាយ​ជាសាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិ​នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា តាំងពីឆ្នាំ ២០០៦។ ​ក្រោយ​មក លោក​​​ទទួល​បាន​ការ​តែងតាំង​ជា​ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ CUS ​​ចាប់តាំងពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន។

ក្រៅ​ពី​ការងារ​ជា​គ្រូ​បង្រៀន​ និង​ថ្នាក់ដឹកនាំ​នៅ​សាកលវិទ្យាល័យ CUS ​​បណ្ឌិត​ មាស បូរ៉ា ​​ក៏​មាន​អាជីព​ជា​មេធាវី ផង​ដែរ។ ជាក់ស្តែង កាលខែ​មិថុនា ឆ្នាំ២០២២ ​​លោក ត្រូវបានតែងតាំងជាប្រធានគណៈកម្មការ​កិច្ចការសិទ្ធិ​មនុស្សអន្តរជាតិ និងច្បាប់អន្តរជាតិ នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង កាល​ឆ្នាំ២០០២ ដែល​កាល​នោះ​មាន​ឈ្មោះ​ថា វិទ្យាស្ថាន​ឯកទេស​នៃ​កម្ពុជា (CIS)។ លុះ​ដល់​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០០៤ ​​ទើប​​​​ក្លាយ​ជា​សាកលវិទ្យាល័យ​ឯកទេស​កម្ពុជា (CUS) ​​ជា​ផ្លូវការ។ បច្ចុប្បន្ន សាកលវិទ្យាល័យ CUS ​​មាន​ ៨​ទីតាំង ក្នុងនោះ​មាន ២ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ និង ៦ទីតាំងទៀត ស្ថិតនៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មាននិស្សិតកំពុងសិក្សាជិត ២​ម៉ឺននាក់ ក្នុងឆ្នាំសិក្សា២០២១-២០២២។

​​បណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ CUS

សូម​ជម្រាប​ថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា មាន​​លោក​បណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ហើយ​បច្ចុប្បន្ន​ក៏​មាន លោក ជៃ សំអាត ជា​សាកលវិទ្យា​ធិការរង​ប្រចាំការ, លោក ឃី វណ្ណេត ជា​សាកលវិទ្យា​ធិការ​រងប្រតិបត្តិ ព្រម​ទាំង​មាន​​សាកលវិទ្យា​ធិការ​រង​ ចំនួន ៣​រូប​ទៀត​គឺ លោកបណ្ឌិត ម៉ា ប៊ុនសែងឬទ្ធី លោកបណ្ឌិត សឿ យ៉ាន និង​លោក​បណ្ឌិត កែវ ជា៕