ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី៖ ក្នុងអំឡុងពេលកំពុងបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលី ក្រោមការដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូសមាគមកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី និងមានសមាសភាពចូលរួមពីអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ, អ្នកឧកញ៉ា គួន ធីតា, អ្នកឧកញ៉ា លី សុភាព, ឧកញ៉ា សូម សុខប៊ុនលីម និងឧកញ៉ា ម៉ៅ បញ្ចពណ៌ បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយស្ថាប័នជំនាញៗព្រមទាំងបណ្តាធុរជន និងវិនិយោគិនធំៗនៅក្នុងប្រទេសអូស្ត្រាលី។
ជាក់ស្តែង ពេញមួយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូកម្ពុជា បានចូលរួមជំនួបពិភាក្សាជាបន្តបន្ទាប់ក្នុងនោះរួមមាន កិច្ចប្រជុំជាមួយតំណាងវិទ្យាស្ថាន Lowy Institute លោកស្រី Susannah Patton ប្រធានស្តីទីផ្នែកស្រាវជ្រាវ។ សូមបញ្ជាក់ថា វិទ្យាស្ថាននេះ បានបំពេញកិច្ចការងារលើការស្រាវជ្រាវទាក់ទងនឹងគោលនយោបាយអន្តរជាតិនៅលើពិភពលោក និងកិច្ចការពាណិជ្ជកម្មនៅក្នុងតំបន់។ ជាក់ស្តែងនាពេលថ្មីៗនេះ វិទ្យាស្ថានបានសិក្សាអំពីលំហូរហិរញ្ញវត្ថុ និងជំនួយសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងយុទ្ធសាស្រ្តពាក់ព័ន្ធមួយចំនួននៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ Lowy Institute គឺជាវិទ្យាស្ថានឯករាជ្យឈានមុខគេមួយនៅក្នុងប្រទេសអូស្ត្រាលីដែលទទួលបានការវាយតម្លៃខ្ពស់លើលទ្ធផលនៃការស្រាវជ្រាវរបស់វិទ្យាស្ថាន និងឥទ្ធិពលនៃការសិក្សាទាំងនេះទៅលើគោលនយោបាយទាំងក្នុងប្រទេសអូស្ត្រាលី និងនៅទូទាំងពិភពលោក។





នារសៀលថ្ងៃដដែលនោះ គណៈប្រតិភូកម្ពុជា បានបន្តជួបពិភាក្សាជាមួយតំណាងដៃគូគ្រប់គ្រងក្រុមហ៊ុន Blackrock Investment Management (Global Infrastructure Partners) ដឹកនាំដោយលោក Ari Droga។ ក្រុមហ៊ុនវិនិយោគពហុជាតិសាសន៍លំដាប់ពិភពលោកដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉កនេះបាននិងកំពុងពង្រីកប្រតិបត្តិការនៅជុំវិញពិភពលោក ដោយមានទ្រព្យសកម្មរាប់ពាន់លានដុល្លារដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ហើយបានបណ្ដាក់ទុនវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសអូស្ត្រាលី ដូចជាអាកាសយានដ្ឋាននៅទីក្រុងស៊ីដនី កំពង់ផែនៅទីក្រុងម៊ែលប៊ន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗផ្សេងទៀតនៅលើពិភពលោករួមមានចក្រភពអង់គ្លេសជាដើម។




បន្ទាប់មកទៀត គណៈប្រតិភូកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ដែលត្រូវបានគេដឹងថាជាក្រុមហ៊ុនសញ្ជាតិអូស្ត្រាលីដំបូងគេ ដែលបាននាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអូស្ត្រាលី និងនូវែលហ្សេឡង់ផងដែរ។ បន្ថែមពីលើនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងនាំយកពូជ ព្រមទាំងបច្ចេកវិទ្យាបង្កបង្កើនផលស្រូវ Japonica មកប្រទេសកម្ពុជា៕








