ទូតរុស្ស៊ី នឹងជំរុញក្រុមហ៊ុនពីប្រទេសខ្លួនមកបោះទុនវិនិយោគលើផ្នែកឧស្សាហកម្មរថយន្តនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

 លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលរុស្ស៊ី ប្តេជ្ញាថា នឹងជួយជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។ ការលើកឡើងយ៉ាងដូច្នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលព្រឹកថ្ងៃទី២៦ ខែតុលា ដើម្បីពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Anatoly Borovik បានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត។

បន្ថែមពីនេះ លោកថា ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, រុស្ស៊ីក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ គ្រឿងយន្តកសិកម្ម បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ 

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍ចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី ខណៈសម្តេចធិបតី ក៏បញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។

សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់កម្ពុជា-រុស្សី ក៏បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរថែមទៀត៕ អត្ថបទ៖ រង្សី