ឡានទំនើបៗលំដាប់ពិភពលោក កំពុងបង្អួតបច្ចេកវិទ្យានៅភ្នំពេញ

កម្សាន្ត សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ រថយន្តទំនើបៗបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ កំពុងប្រមូលផ្តុំគ្នាបង្អួតសមត្ថភាពរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែមីនា ឆ្នាំ២០២៦នេះ ទទួលបានការចាប់អារម្មណ៍ពីមហាជនអ្នកនិយមចូលចិត្តវិស័យការប្រើប្រាស់ឡាន នៅ The Premeir Centre Sensok រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្ត២០២៦នេះ បានបើកសម្ភោធ និងកាត់ខ្សែបូរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

នាឧកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីពិរណ៍ថ្ងៃនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា វិស័យយានយន្តនៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន និងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់អ្នកវិនិយោគ ពាណិជ្ជករ និងអ្នកប្រើប្រាស់ ដែលជាសក្ដានុពលមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា «កម្ពុជាបានវិវត្តន៍ពីប្រទេសដែលមានក្រុមហ៊ុននាំចូលតិចតួច និងគ្មានការដំឡើងរថយន្តសោះ មកជាប្រទេសដែលមានរោងចក្រដំឡើងរថយន្តម៉ាកល្បីៗដូចជា Toyota, Isuzu និង BYD ជាដើម»។

វេទិការនេះ ក៏មានវត្តមានក្រុមហ៊ុនរថយន្ត ​Jetour ដែលបានប្រកាសលក់រថយន្តរបស់ខ្លួនបានរហូតដល់ ២ លានគ្រឿង នៅទូទាំងពិភពលោក ពោលគឺចាប់តាំងពីចូលប្រឡូកក្នុងទីផ្សារជាលើកដំបូងនៅក្នុងឆ្នាំ២០១៨ មក។ ក្រុមហ៊ុន Jetour បានធ្វើតាមយុទ្ធសាស្ត្រ Travel+ របស់ខ្លួន ដែលផ្តោតលើរថយន្តប្រភេទ SUV ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការបើកបរបែប Off-Road កម្រិតស្រាល។ បច្ចុប្បន្ន ម៉ាកយីហោនេះដំណើរការនៅក្នុងប្រទេស និងតំបន់ចំនួន ៩១ ជាមួយនឹងហាងលក់ និងផ្តល់សេវាកម្មជាង ២ ០០០ កន្លែងនៅទូទាំងពិភពលោក។

ទន្ទឹមគ្នានេះ ក៏មានក្រុមហ៊ុន សៃលុន (Sailun Tire Cambodia) ជាក្រុមហ៊ុនផលិតសំបកកង់ឡានធំជាងគេនៅកម្ពុជា ដែលកំពុងប្រតិបត្តិការច្រវាក់ផលិតកម្ម ផលិត ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារតាមប្រទេសជុំវិញពិភពលោក។ រោងចក្រផលិតសំបកកង់ឡាន បាននិងកំពុងស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និងបានកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោនគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥កន្លងទៅ។

លើសពីនោះ ក្រុមហ៊ុនប្រេង PETRONAS ក៏មានការតាំងបង្ហាញផលិតផលក្នុងស្តង់ពិព័រណ៍ និងប្រូម៉ូសិនពិសេសៗជូនដល់អតិថិជនផងដែរ។

គូសបញ្ជាក់ដែរថា ពិព័រណ៍រថយន្ត២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិឈានមុខគេមួយរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យារថយន្ត ចល័តភាព និងគ្រឿងបន្លាស់រថយន្ត ដែលបានបង្ហាញពីការផ្លាស់ប្តូរទូទាំងប្រទេសឆ្ពោះទៅរកអគ្គិសនីភាវូបនីយកម្ម ឌីជីថលូបនីយកម្ម និងបច្ចេកវិទ្យាឆ្លាតវៃ៕