សម្តេចធិបតី ៖ ការបំពេញកាតព្វកិច្ចយោធា គឺជាកិត្តិយស និងជាការវិនិយោគដ៏មានតម្លៃសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការបំពេញកាតព្វកិច្ចយោធាមិនមែនជាបន្ទុក ហើយក៏មិនត្រូវចាត់ទុកថាជាការចំណាយនោះឡើយ ប៉ុន្តែគឺជាកិត្តិយស និងជាការវិនិយោគដ៏ត្រឹមត្រូវដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ក្នុងការប្រែក្លាយយុវជនឱ្យទៅជាធនធានមនុស្សដ៏មានតម្លៃបំផុតរបស់ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងសារដ៏មានអត្ថន័យនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ស្ថិតក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លម្អិតថា ក្នុងរយៈពេល ២៤ខែ នៃការចូលជាយោធិនកាតព្វកិច្ច យុវជនទាំងអស់នឹងទទួលបានផលប្រយោជន៍សំខាន់ៗចំនួន ៥ រួមមាន៖ ទី១. ទទួលបានកិត្តិយស និងឱកាសបម្រើជាតិមាតុភូមិ, ទី២. ទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទាំងជំនាញទន់ និងជំនាញរឹង, ទី៣. ទទួលបានឱកាសអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាធនធានដ៏ល្អ មានវិន័យ មានការទទួលខុសត្រូវ របៀបរបបការងារ និងភាពជាអ្នកដឹកនាំ, ទី៤. ទទួលបានស្ថិរភាពការងារក្នុងអំឡុងពេលបំពេញកាតព្វកិច្ច, និងទី៥. ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ ព្រមទាំងទទួលបានសិទ្ធិអាទិភាពក្នុងការក្លាយជាយោធិនអាជីព ផ្អែកលើការពិនិត្យ និងវាយតម្លៃជាក់ស្តែង។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់សិក្ខាកាមទាំងអស់ថា ចាប់ពីពេលនេះតទៅ យុវជននឹងចាប់ផ្តើមជីវិតថ្មីមួយដែលទាមទារនូវការគោរពវិន័យម៉ឺងម៉ាត់ ការអត់ធ្មត់ខ្ពស់ ការតស៊ូព្យាយាម និងភាពជាម្ចាស់លើខ្លួនឯង។ ទោះបីជាត្រូវឆ្លងកាត់ការលំបាក ភាពនឿយហត់ និងការផ្លាស់ប្តូររបៀបរបបរស់នៅយ៉ាងណាក្តី ក៏មេរៀនជីវិតទាំងនេះនឹងកសាងយុវជនឱ្យរឹងមាំទាំងកម្លាំងកាយ ចិត្ត និងស្មារតី ក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ ស្របតាមពាក្យស្លោក «យុវជនរឹងមាំ កងទ័ពរឹងមាំ ប្រទេសជាតិរឹងមាំ»។

សម្តេចធិបតី បានពន្យល់បន្ថែមថា ការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃខួបឯករាជ្យជាតិ និងជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ មកបើកវគ្គបណ្តុះបណ្តាលជាប្រវត្តិសាស្ត្រនេះ គឺឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់បញ្ញាស្មារតីយុវជនដែលជា «ប្រភពធនធានមនុស្សមិនចេះរីងស្ងួត» ឱ្យមានមនសិការស្នេហាជាតិ គោរពច្បាប់ និងត្រៀមខ្លួនបម្រើជាតិគ្រប់កាលៈទេសៈ។

ជាចុងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងថារាជរដ្ឋាភិបាលតែងតែផ្តល់តម្លៃខ្ពស់ជានិច្ចចំពោះយោធិនកាតព្វកិច្ច ទាំងក្នុងពេលហ្វឹកហ្វឺន និងពេលវិលត្រឡប់ទៅជីវភាពស៊ីវិលវិញ ព្រមទាំងបានផ្តាំផ្ញើដល់យោធិនទាំងអស់ឱ្យខិតខំថែរក្សាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ដោយបំពេញតួនាទីជាកូនល្អ ពលរដ្ឋល្អ បុគ្គលិកល្អ មន្ត្រីរាជការល្អ និងជាកងទ័ពគំរូសម្រាប់សង្គមជាតិ៕