លោក វង្សី វិស្សុត៖ ទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន មានការវិវត្តរីកចម្រើនឈានឡើងដោយសារកត្តាធំៗចំនួន៤

សង្គម​ និង​សេដ្ឋកិច្ច

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបើក “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” សម្រស់កម្ពុជា-ជាំងស៊ូ” ថ្មីៗនេះថា ស្ថិតក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយលទ្ធផលជាផ្លែផ្ការបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វង្សី វិស្សុត បានបង្ហាញជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ដែលបានឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ នឹងកាន់តែរឹងមាំជាលំដាប់ ហើយនឹងបន្តសម្រេចបានសមិទ្ធផលជាផ្លែផ្កាឥតឈប់ឈរ ដូចសុភាសិតចិនមួយពោលថា «មិត្តភាព គឺដូចជាស្រាកាន់តែចាស់កាន់តែយូរ កាន់តែល្អ»។ ផ្អែកលើប្រវត្តិនៃចំណងទាក់ទងរវាងកម្ពុជា-ចិនរាប់ពាន់ឆ្នាំរហូតមកទល់នឹងសព្វថ្ងៃនេះ បានបង្ហាញថា ចិនជាមិត្តល្អដែលកម្ពុជាអាចពឹងពាក់បាន ហើយមិត្តភាពដ៏រឹងមាំនេះមិនអាចបំបែកបានឡើយ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា “ទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន ត្រូវបានកសាង និងវិវត្តរីកចម្រើនឈានឡើង ដោយសារកត្តា៖ ទី១)-បានចាក់ឬសយ៉ាងជ្រៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់នៃប្រទេសទំាងពីរ, ទី២)-ត្រូវបានគាំទ្រដោយមូលដ្ឋានគ្រឹះខាងនយោបាយដ៏រឹងមាំពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសការបុកគ្រឹះ និងពូនជ្រំក្រោមស្នាព្រះហស្តរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសចិន គឺ លោកប្រធាន ម៉ៅ សេទុង និង លោក ជូ អេនឡាយ ហើយត្រូវបានបន្តពូនជ្រំ, ថែបំប៉ន និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកប្រធានាធិបតី ស៊ី ជីនពីង ហើយបច្ចុប្បន្នកំពុងត្រូវបានបន្តពង្រឹងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ទី៣)-ត្រូវបានជំរុញដោយកម្លាំងដ៏ខ្លាំងក្លាពីខាងក្នុង ដែលជានិស្ស័យជាធម្មជាតិ និងប្រវត្តិសាស្ត្រ, និងទី៤)-ទទួលបាននូវការអបអរសាទរ និងគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ”។

លោក វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយដែលចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងន័យនេះ តាមរយៈការសហការរៀបចំព្រឹត្តិការណ៍នានា ក្នុងក្របខ័ណ្ឌនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” នេះ យើងនឹងជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីសិល្បៈ វប្បធម៌ ប្រពៃណីដ៏ផូរផង់ និងសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរនូវអរិយធម៌អង្គរដ៏រុងរឿងរបស់កម្ពុជា និងអរិយធម៌ចិនដ៏សម្បូរបែបនិងល្បីល្បាញ ពិសេសខេត្តជាំងស៊ូ ដែលជាទីកន្លែងកំណើតនៃអរិយធម៌ចិនសម័យបុរាណ៕SL