នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកកម្មវិធី «NTTI BizConnect Cambodia 2026» នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអន្តរជាតិ ក្រុមហ៊ុនឯកជន និងសិស្ស-និស្សិតជាង ៣០០នាក់។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថាន TVET និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់វេទិកាផ្លាស់ប្តូរព័ត៌មានពីតម្រូវការកម្លាំងពលកម្ម។ កម្ពុជាគឺជាប្រទេសទី២ បន្ទាប់ពីទីម័រខាងកើត ដែលបានរៀបចំវេទិកានេះ ក្រោមកិច្ចសហការគាំទ្រពីកម្មវិធី SCOPE-HE របស់ EU ដើម្បីបំពេញចន្លោះប្រហោងកម្លាំងពលកម្មជំនាញ ស្របតាមបរិបទអន្តរកាលបៃតង និងបរិវត្តកម្មឌីជីថល។

លោក ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ការអភិវឌ្ឍ «មូលធនមនុស្ស» ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ តម្លៃបន្ថែម និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ លោកបានលើកទឹកចិត្តឱ្យគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនពង្រឹងភាពជាដៃគូឱ្យកាន់តែច្បាស់លាស់ ចាត់ទុកការបណ្តុះបណ្តាលនិងការផ្តល់កម្មសិក្សាជាការវិនិយោគលើក្រុមហ៊ុនផ្ទាល់ខ្លួន ព្រមទាំងជំរុញឱ្យនិស្សិតចាប់យកឱកាសនេះដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងកសាងបណ្តាញវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោក Igor Driesmans បានលើកឡើងថា BizConnect គឺជាគំនិតផ្តួចផ្តើមតំបន់របស់ EU ក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីនាំយកគ្រឹះស្ថានអប់រំ ធុរកិច្ច និងនិស្សិតមកជួបជុំគ្នា សំដៅជួយឱ្យយុវជនកសាងអនាគតតាមរយៈជំនាញជាក់ស្តែង និងជំរុញឱ្យវិស័យឯកជនវិនិយោគលើធនធានមនុស្ស រួមគ្នាកសាងអនាគតមួយដែលកាន់តែបៃតង ឌីជីថល និងប្រកបដោយបរិយាបន្ន ឆ្លើយតបយ៉ាងប្រសើរដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕




