កម្ពុជា និងអ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Shavkat Mirziyoyev ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមប្រធានាធិបតីអ៊ូសបេគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ព្រមទាំងបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ជំនួបនាឱកាសនេះ នឹងកាន់តែជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបពិភាក្សាការងារនេះ ព្រមទាំងបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអ៊ូសបេគីស្ថាន ក្នុងឱកាសប្រារព្ធខួបឯករាជ្យលើកទី៣៥ របស់ប្រទេសអ៊ូសបេគីស្ថាន។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក ដោយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនទៀត ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។

លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត តាមរយៈ៖ ការលើកកម្ពស់ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ និងទូលំទូលាយ, ការពង្រឹងយន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, ការអប់រំ, ការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ៕