កម្ពុជា-ឡាវ ប្ដេជ្ញាបន្តកិច្ចសហការល្អ ចេញល្បាតពិនិត្យភូមិសាស្រ្តបង្គោលព្រំដែន និងបង្ក្រាបបទល្មើស

សង្គម​ និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភាគីឡាវ បានឯកភាពគ្នាខ្ពស់ថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នានោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជាប់ព្រំដែនកម្ពុជា-ឡាវ ប្ដេជ្ញាបន្តកិច្ចសហការល្អជាមួយគ្នាទាំងការចេញល្បាតពិនិត្យភូមិសាស្រ្តបង្គោលព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបង្ក្រាបបទល្មើស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសប្ដេជ្ញាចិត្ដចូលរួមបន្ដសហការជាមួយកម្ពុជានេះរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគី(កម្ពុជា-ឡាវ) នៅរដ្ឋធានីហាណូយ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលដែលឧត្តមអភិសន្តិបណ្ឌិត ធ្វើទស្សនកិច្ច២ថ្ងៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម។

នៅចំពោះមុខ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ, ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីឆន្ទៈនិងការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់អំពើជួញដូរមនុស្ស និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ទាំងកម្រិតផ្ទៃក្នុងប្រទេស កិច្ចសហប្រតិបត្តិការទ្វេភាគី និងជាអន្តរជាតិ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់នូវគោលជំហរសន្តិភាព ទន្ទឹមគ្នានឹងកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តបទឈប់បាញ់ និងការបន្តដោះស្រាយបញ្ហាព្រំដែន តាមយន្តការសន្ធិសញ្ញាទ្វេភាគី និងច្បាប់អន្តរជាតិជាតិ៕