លោក ប៉ាន សូរស័ក្តិ៖ ច្បាប់នេះបង្កើតនូវទីលានប្រកួតប្រជែងប្រកបដោយស្មើភាពក្នុងការធ្វើធុរកិច្ចនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ហៅកាត់ គ.ប.ក. នាព្រឹកថ្ងៃអង្គារ ទី២៦ កក្កដានេះ បានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការនេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ច្បាប់ស្ដីពីការប្រកួតប្រជែងកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ និងបានធ្វើឱ្យបណ្ដារដ្ឋសមាជិកអាស៊ានទាំង ១០ (AMS) មានច្បាប់ស្ដីពីការប្រកួតប្រជែងទាំងអស់គ្នា ដូចបានកំណត់ក្នុងផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥ ហើយការអនុម័តច្បាប់នេះធ្វើឱ្យកម្ពុជាបានបំពេញកាតព្វកិច្ចមួយរបស់កម្ពុជាសម្រាប់អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងសមាសភាពសរុបចំនួន ១៥រូប ដែល ១០រូបជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង ៥រូប ជាបុគ្គលឯករាជ្យ (អតីតចៅក្រម ១រូប អ្នកសេដ្ឋកិច្ច ២រូប និងអ្នកច្បាប់ ២រូប) ដែលឆ្លងកាត់តាមការជ្រើសរើស ហើយមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាសេនាធិការ ដើម្បីអនុញ្ញាតឱ្យ គ.ប.ក. ទទួលបាននូវសិទ្ធិពេលលេញក្នុងការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួន។

បើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. បានបញ្ជាក់ថា សម្រាប់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងដើរតួនាទីជាអ្នកស៊ើបអង្កេត ខណៈដែលគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ជាអ្នកធ្វើសេចក្ដីសម្រេចក្នុងការកំណត់ថា បុគ្គលណាមួយបំពានច្បាប់ ដោយផ្អែកលើភស្ដុតាងដែលផ្ដល់ដោយមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.។ ដូចនេះ សមាសភាព គ.ប.ក. តម្រូវឱ្យមានការចូលរួមពីបុគ្គលឯករាជ្យអតីតចៅក្រម អ្នកសេដ្ឋកិច្ច និងអ្នកច្បាប់ ដែលមានជំនាញច្បាស់លាស់ចូលរួមធ្វើសេចក្ដីសម្រេចក្នុងការកំណត់បទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ប្រកបដោយភាពត្រឹមត្រូវនិងពេញលេញ។

ទន្ទឹមនឹងការបង្កើតដោយជោគជ័យនូវគណៈកម្មាធិការប្រកួតប្រជែងកម្ពជា «គ.ប.ក.» នេះ ថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ចំនួន ២៨៥រូប បានបំពេញនីតិវិធីសម្បថ នៅតាមបណ្តាសាលាដំបូងរាជធានី-ខេត្ត ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ចប់សព្វគ្រប់ផងដែរ ដើម្បីត្រួតពិនិត្យនិងស៊ើបអង្កេតបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ហើយបច្ចុប្បន្ននេះ អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាសេនាធិការរបស់គ.ប.ក. បាននិងកំពុងរៀបចំនូវបទប្បញ្ញត្តិមូលដ្ឋានមួយចំនួន សម្រាប់គាំទ្រដល់ដំណើរការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព នឹងបង្កើតនូវទីលានប្រកួតប្រជែងប្រកបដោយស្មើភាពក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីប្រកួតប្រជែងគ្នាតាមរយៈមធ្យោបាយផ្សេងៗ រួមមាន នវានុវត្តន៍ គុណភាពខ្ពស់ និងតម្លៃទាបនៃផលិតផលនិងសេវា ដែលផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់និងធើ្វឱ្យមានកំណើនសេដ្ឋកិច្ចជាតិទៀតផង៕