គម្រោងវិនិយោគផលិតសំបកកង់រថយន្ត តម្លៃ២១២លានដុល្លារ នឹងលេចរូបរាងនៅតំបន់សេដ្ឋកិច្ចខេត្តស្វាយរៀង

សង្គម​និង​សេដ្ឋកិច្ច

គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ក្នុងទុនវិនិយោគ ប្រមាណ ២១២លានដុល្លារអាម៉េរិក នឹងលេចរូបរាងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ស្ថិតនៅខេត្តស្វាយរៀង នាពេលខាងមុខនេះ ។នេះបើតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ CDC បានសម្រេចអនុម័តគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគបន្ថែមប្រមាណ ២១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង។

ជាមួយគ្នានេះ CDC បានបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ៣៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ប្រមាណ ៣៨ពាន់កន្លែង។

បន្ថែមពីនេះ បើពិនិត្យនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះដែរ CDC អះអាងថា វិនិយោគិនក្នុងស្រុកបានគ្របដណ្តប់ទុនវិនិយោគសរុប ចំនួន ៥៨,៤១% ខណៈពេលទុនវិនិយោគមានប្រភពមកពីប្រទេសចិនមានចំនួន ៣៣,១៩%, ប្រទេសសិង្ហបុរី មានចំនួន ៤,៣១%, និងប្រទេសវៀតណាមមានចំនួន ៤,០៩%។

សូមជម្រាបជូនថា បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១.៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥.០៨៦កន្លែង៕ អត្ថបទ៖ រង្សី