សិស្សភៀសសឹកជាង៩ពាន់នាក់ បានចូលរៀនបណ្ដោះអាសន្នតាមគ្រឹះស្ថានសិក្សា ជាង ១ ៦០០កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានសិស្សភៀសសឹកចំនួន ៩ ៤០៧ នាក់ បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១ ៦០២ ក្នុងរាជធានី-ខេត្ត ២២។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងព័ត៌មានបានឱ្យដឹងថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នកឱ្យបានគ្រប់ៗ គ្នា ស្ថិតក្នុងគ្រាដ៏លំបាក នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវសូមបន្តពង្រឹងសាមគ្គីភាពគ្នារក្សាស្មារតីជាតិដ៏រឹងមាំ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មាំងឈ្លានពានដែលរំលោភបូរណភាពដែនដីរបស់កម្ពុជា។

លោកក៏បានណែនាំថា សូមកុំខ្លបខ្លាច សូមមានភាពក្លាហាន ហើយងើបឈរឡើង ដើម្បីគាំទ្ររាជរដ្ឋាភិបាល គាំទ្រកងកម្លាំងប្រដាប់អាវុធវីរយុទ្ធជនយើង ដើម្បីប្រយុទ្ធប្រឆាំងខ្មាំងឈ្លានពាន និងត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព មានតែធនធានមនុស្សដែលមានគុណភាពទេ ទើបយើងអាចកសាងកម្ពុជាមួយដែលមានសេដ្ឋកិច្ចការអភិវឌ្ឍមានភាពរុងរឿង និងយកឈ្នះមាសត្រូវរបស់យើង។

គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ មានសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន ១ ០៩១ សាលា នៃខេត្តចំនួន ៧ ត្រូវបានបិទទ្វារ ប៉ះពាល់គ្រូបង្រៀន ១១ ៩២២ នាក់ និង សិស្សានុសិស្ស ២៥៤ ៤៨០ នាក់ ខណៈមានជនភៀសសឹកកើនដល់ ១៣១ ៦៧២ គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣ នាក់ ក្នុងនោះ ស្ត្រីមាន ២២៥ ៥៧២ នាក់ និងកុមារមាន ១៣៤ ៦០២ នាក់៕