លោក គួច ចំរើន ជំរុញឱ្យប្រជាពលរដ្ឋបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីឆ្លើយតបតម្រូវការចាំបាច់លើទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សព្វថ្ងៃនេះផលិតផលបន្លែរបស់យើង ដែលផលិតក្នុងស្រុកបំពេញតម្រូវការជាក់ស្ដែងបានត្រឹម១០% ប៉ុណ្ណោះ ហើយនៅសល់គឺតម្រូវការនាំចូលបន្ថែម ដូច្នេះផលិតផលបន្លែរបស់យើង កំពុងមានតម្រូវការចាំបាច់ នៅក្នុងទីផ្សារបច្ចុប្បន្ន ដូច្នេះក្នុងនាមយើងជាអាជ្ញាធរភូមិ ឃុំ ត្រូវខិតខំជំរុញប្រជាពលរដ្ឋយើងឱ្យផលិតបន្លែឱ្យបានច្រើន ដើម្បីបំពេញនូវតម្រូវការនៅលើទីផ្សារ ពិសេសបន្លែសុវត្ថិភាពដែលមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន និងខ្លួនយើងផ្ទាល់ដែលជាអ្នកផលិតផលដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គួច ចំរើន លើកឡើងបែបនេះនៅក្នុងឱកាសចុះពិនិត្យជីវភាពរបស់ប្រជាពឡរដ្ឋ និងសំណេះសំណាលជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

លោកបន្តទៀតថា “ដើម្បីឱ្យទិន្នផលយើងទទួលបានច្រើនសម្រាប់ផ្គត់ផ្គង់ដំរូវការទីផ្សារ យើងជាអាជ្ញាធរត្រូវរៀបចំផែនការជូនប្រជាកសិករឱ្យបានត្រឹមត្រូវ ត្រូវគិតពីបច្ចេកទេសក្នុងការដាំដុះ ឱ្យទទួលបានទិន្នផលល្អ មានទីផ្សារ និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន ព្រមទាំងយើងដែលជាអ្នកដាំដុះផ្ទាល់ ដោយយើងមិនប្រើថ្នាំគីមី ក្នុងនោះដែរយើងត្រូវតែសម្របសម្រួលរកទីផ្សារជូនដល់ប្រជាកសិកររបស់យើងផងដែរ”។

ពាក់ព័ន្ធនិងខេត្តកណ្តាលថ្មីៗនេះដែរ លោក ប៊ុន ផេង អភិបាលរងខេត្តមានប្រសាសន៍ថា ខេត្តកណ្ដាលជាខេត្តមួយដែលមានសក្តានុពលខ្ពស់ក្នុងការទទួលគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម នគរូបនីយកម្ម សំណង់ ទេសចរណ៍ សេវាកម្ម និងបណ្តាវិស័យផ្សេងៗទៀត។ គោលដៅអភិវឌ្ឍន៍ក្នុងខេត្តកណ្តាល គឺខិតខំទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក មកវិនិយោគក្នុងខេត្ត ដើម្បីបង្កើតការងារជូន ប្រជាពលរដ្ឋក្នុងខេត្តមានការងារធ្វើ បង្កើនប្រាក់ចំណូលនិងជីវភាពសមរម្យ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។

លោកគូសបញ្ជាក់ថា “ផលិតផលសក្កានុពលរបស់ខេត្តកណ្តាលមានចំនួន ៧មុខក្នុងនោះមានដូចជា ចម្លាក់ប្រាក់-ស្ពាន់ តម្បាញសូត្រ តម្បាញក្រមា កន្ទេលកក់ ឆៃប៉ូវ កន្ត្រកធ្វើពីវល្លិ៍ថ្នឹង-ស្លឹកទ្រាំង មួក-ផ្ចិត ធ្វើពីស្លឹកត្នោត ផលិតផលទាំងនេះ បាននឹង កំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស យុទ្ធការទិញផលិតផលខ្មែរ វេទិកាផ្សេងៗ”៕