ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន សម្រាប់អាណត្តិទី២

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោកស្រី បាន ស្រីមុំ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី បាន ស្រីមុំ ភរិយារបស់លោក អ៊ី ឈាន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ដោយទទួលការតែងតាំងជាអភិបាលខេត្តប៉ៃលិន កាលពីចុងឆ្នាំ២០២០។ ក្រោយដឹកនាំខេត្តប៉ៃលិន រយៈពេល៤ឆ្នាំ ក្នុងអាណត្តិទី១ កន្លងមកនេះ លោកស្រីបន្តទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ ដោយឱ្យបន្តដឹកនាំខេត្តជាប់ព្រំដែនថៃមួយនេះ ក្នុងអាណត្តិទី២ រយៈពេល៤ឆ្នាំបន្តទៀត។

សូមជម្រាបថា លោកស្រី បាន ស្រីមុំ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ លោកស្រី ធ្លាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងបច្ចុប្បន្នជា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តប៉ៃលិន, សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ផងដែរ៕