កម្ពុជា-សាធារណរដ្ឋរវ៉ាន់ដា ចុះMOUចំនួនពីរ លើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា បានចុះហត្ថលេខាលើឯកសារទ្វេភាគីចំនួនពីរ លើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបទ្វេរភាគីរវាងរដ្ឋមន្រ្ដីការបរទេសទាំងពីរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាធារណរដ្ឋរវ៉ាន់ដា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ២០០៥ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងសេវាកម្មផ្លូវអាកាសដែលនឹងដើរតួជាឧបករណ៍ដ៏សំខាន់ក្នុងការពង្រីកការតភ្ជាប់ សម្រួលការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជន និងប្រជាជន។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួនពីរគឺ៖ (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង (២) កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការ។

សូមជម្រាបជូនថា ជំនួបទ្វេភាគីរវាងរដ្ឋមន្រ្ដីការបរទេសកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា ធ្វើឡើងនៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕