ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សានៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) រៀបចំ និងដំណើរការវេទិកា នៅទីរួមខេត្តកំពង់ធំ។

វេទិកានេះបានផ្តល់ឱកាសជូនអ្នកចូលរួម ដែលជាមន្ត្រី និងទីប្រឹក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រធាន និងមន្ត្រីអង្គការបណ្តាញកសិករ និងធម្មជាតិ (FNN) តំណាងកសិករ និងសហគមន៍កសិកម្មនៃខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ មន្ត្រីសហព័ន្ធស្វាយចន្ទីកម្ពុជា និងតំណាងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី សរុបចំនួន ៦១ នាក់ ដើម្បីស្តាប់ការបកស្រាយបទបង្ហាញ ពិភាក្សា និងធ្វើទស្សនកិច្ចនៅក្រុមហ៊ុន សាន់តាណា ដែលដាំ ប្រមូលទិញគ្រប់គ្រង កែច្នៃ និងលក់គ្រាប់ស្វាយចន្ទី សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
វេទិកាខាងលើបានបង្ហាញពីចំណុចសំខាន់ៗ ដោផ្តោត មានដូចជា គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រ និងកិច្ចអន្តរាគមរបស់ក្រសួងកសិកម្ម ជាពិសេសអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងកម្មវិធី ASPIRE-AT បញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិកម្ម បែបបទខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) តម្រូវការរបស់អ្នកទិញគ្រាប់ស្វាយចន្ទី លក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យរបស់ទីផ្សារបរទេស និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ។ល។

អង្គវេទិកាក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះការសហការក្នុងភាពជាដៃគូ ដែលជាទីទុកចិត្ត ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ទាំងបរិមាណ និងគុណភាពប្រកបដោយស្ថិរភាព ព្រមទាំងការធ្វើឱ្យគ្រាប់ស្វាយចន្ទី និងផលិតផលដែលកែច្នៃពីគ្រាប់ស្វាយចន្ទី មានគុណភាពខ្ពស់ សំដៅទទួលបានតម្លៃ ឬ ប្រាក់ចំណេញបន្ថែម។
អ្នកចូលរួមបានសម្តែងនូវក្តីរីករាយ និងអំណរគុណចំពោះឱកាសដែលអង្គវេទិកាបានផ្តល់ ដើម្បីភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម យល់ដឹងអំពីបញ្ហា និងដំណោះស្រាយ បានកត់ត្រា និងចងចាំនូវចំណុចសំខាន់ៗ ហើយយល់ស្របថានឹងបន្តសិក្សា និងទាក់ទងគ្នា ព្រមទាំងព្យាយាមកែលម្អកិច្ចការដែលជាចំណែករបស់ខ្លួន និងផ្សព្វផ្សាយបន្តជូនអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យផលិតកម្មស្វាយចន្ទីកម្ពុជាកើនផលិតភាព គ្រាប់ និងផលិតផលដែលកែច្នៃពីគ្រាប់ស្វាយចន្ទីមានតម្លៃសមរម្យ មានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកហូប និងទីផ្សារ គ្រាប់ស្វាយចន្ទីកម្ពុជាកាន់តែច្រើននឹងត្រូវបាននាំចេញ ហើយគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃនឹងកើនប្រាក់ចំណេញដោយសមធម៌។

គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្រថវិកា និងបច្ចេកទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕


