សៀមិន៖ នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ចូលរួមជំនួបពិភាក្សាតុមូលស្តីពី «ការវិនិយោគនៅកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាកម្មវិធីអមនៃ ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) លើកទី២៦ នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ជំនួបតុមូលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការតភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មានវិនិយោគដោយផ្ទាល់ រវាងថ្នាក់ដឹកនាំ និងវិស័យឯកជនកម្ពុជា ជាមួយវិនិយោគិន និងធុរជនដែលមានសក្តានុពលនៅទីក្រុងសៀមិន។
កម្មវិធីបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល បើកចំហ និងប្រកបដោយស្មារតីសហប្រតិបត្តិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលប្រជាជនខេត្តហ្វូជៀន រដ្ឋបាលប្រជាជនក្រុងសៀមិន មន្ត្រីជាន់ខ្ពស់នៃមន្ទីរពាណិជ្ជកម្ម និងការិយាល័យកិច្ចការបរទេសក្រុងសៀមិន ព្រមទាំងតំណាងសមាគមអាជីវកម្ម សហគ្រាសធំៗ
និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រមាណ ៤០ ស្ថាប័ន។
ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពទូទៅនៃបរិយាកាសវិនិយោគនៅកម្ពុជា ដោយគូសរំលេចពីសុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយបើកចំហចំពោះការវិនិយោគពីបរទេស និងកញ្ចប់លើកទឹកចិត្តវិនិយោគដែលមានភាពប្រកួតប្រជែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពនានា ដែលអាចគាំទ្រដល់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល ព្រមទាំងបង្កើតមូលដ្ឋានកាន់តែប្រសើរសម្រាប់វិនិយោគិនអន្តរជាតិ ក្នុងការពង្រីកអាជីវកម្ម និងការវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមចែករំលែកបទពិសោធជាក់ស្តែងជាមួយវិនិយោគិន ដោយផ្តល់ព័ត៌មានអំពីនីតិវិធី និងចំណុចសំខាន់ៗដែលវិនិយោគិនបរទេសគួរយល់ដឹង ក្នុងការចាប់ផ្តើម និងប្រតិបត្តិអាជីវកម្មនៅកម្ពុជា រួមមានការចុះបញ្ជីក្រុមហ៊ុន កាតព្វកិច្ចពន្ធដារ បទប្បញ្ញត្តិការងារ ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងលទ្ធភាពបង្កើតភាពជាដៃគូជាមួយសហគ្រាសក្នុងស្រុក។
ការចែករំលែកបទពិសោធន៍ពីវិស័យឯកជននេះ បានរួមចំណែកបំពេញបន្ថែមលើព័ត៌មានគោលនយោបាយ និងក្របខ័ណ្ឌវិនិយោគដែលបានបង្ហាញដោយភាគីរដ្ឋាភិបាល ដោយផ្តល់ជាទស្សនៈជាក់ស្តែងពីបរិយាកាសធុរកិច្ច និងការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងជំនួបតុមូលនេះ បានឆ្លុះបញ្ចាំងពីការចូលរួមរបស់វិស័យឯកជនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញ និងជំរុញការវិនិយោគ ព្រមទាំងបង្កើតជាស្ពានតភ្ជាប់រវាងសហគ្រាសកម្ពុជា និងវិនិយោគិនអន្តរជាតិ។
ជាមួយគ្នានេះ ជំនួបបានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរព័ត៌មាន ការភ្ជាប់បណ្តាញ និងការស្វែងរកលទ្ធភាពផ្គូផ្គងធុរកិច្ច ជាពិសេសជាមួយសហគ្រិន និងវិនិយោគិនចិនដែលមានបំណងពង្រីកអាជីវកម្ម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សមាគមឧកញ៉ាកម្ពុជានឹងបន្តជំរុញការតភ្ជាប់ទាំងនេះ ដើម្បីស្វែងរកភាពជាដៃគូដែលមានសក្តានុពល និងបង្កើតកិច្ចសហប្រតិបត្តិការដែលអាចផ្តល់ផលប្រយោជន៍ជាក់ស្តែងនាពេលអនាគត។










