សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងឱ្យដឹងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា ខណៈកម្ពុជាប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅផលប្រយោជន៍ជូនប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរសម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីលៀងសាយភោជន៍ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅកម្ពុជា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានាធិបតីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
សម្តេចតេជោ ក៏បានសាទរចំពោះ លោកប្រធានាធិបតី ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ខណៈសម្តេចតេជោ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោកប្រធានាធិបតី មីយ៉ាន់ម៉ានឹងសម្រេចបានការងារអាទិភាពទាំងឡាយដែលបានដាក់ចេញ។

សម្តេចតេជោ បន្តថា «កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។ យើងរក្សាបានការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ និងការតភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយខ្ញុំរីករាយដោយបានកត់សម្គាល់ឃើញថា កម្ពុជានិងមីយ៉ាន់ម៉ាមានចំណងមិត្តភាពជាប្រពៃណីដ៏កក់ក្តៅ និងសាមគ្គីភាពរឹងមាំ។ ឆ្នាំ២០២៥កន្លងទៅ យើងបានរួមគ្នារំលឹកខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ ជាសក្ខីភាពនៃការបញ្ជាក់ អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសយើងទាំងពីរ។
ជាថ្មីម្តងទៀត សម្តេចតេជោ បានសង្កត់ធ្ងន់ថា ក្នុងឱកាសទស្សនកិច្ចរបស់ លោកប្រធានាធិបតី នាពេលនេះ បានផ្តល់ឱកាសដល់យើងទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរ»៕អត្ថបទ៖ហ្សាលីន


