អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) យល់ឃើញថា ទ្រព្យសម្បត្តិ និងលុយកាក់អាចរកបានវិញ ប៉ុន្តែសុខភាព និងកម្លាំងកាយចិត្តរបស់ឪពុកម្ដាយបាត់បង់ហើយ មិនអាចទិញយកមកវិញបានទេ ដូច្នេះក្នុងនាមជាកូនត្រូវតែមើលថែលោកទាំងពីរឱ្យបានល្អ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ាអគ្គនាយក បានបង្ហោះរូបភាពជាមួយលោកឪពុក នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងអ្នកម្តាយ ដោយបានលើកឡើងបែបនេះថា៖ “ទ្រព្យសម្បត្តិ និងលុយកាក់អាចរកបានវិញ ប៉ុន្តែសុខភាព និងកម្លាំងកាយចិត្តរបស់ឪពុកម្ដាយបាត់បង់ហើយ មិនអាចទិញយកមកវិញបានទេ កាតព្វកិច្ចចម្បងរបស់កូន គឺការពារ និងថែរក្សាសុខភាពលោកទាំងពីរឱ្យបានល្អបំផុត”។
សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ ជាអ្នកជំនួញដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុតមួយរូប នៅក្នុងទឹកដីខេត្ត ព្រះសីហនុ និងខេត្តកោះកុង។ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ «ឧកញ៉ា» កាលពី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ និងទទួលបានគោរមងារ «អ្នកឧកញ៉ា» កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ អ្នកឧកញ៉ា ក៏ជាសហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (PEACE Petroleum Cambodia), សមាជិក សមាគមឧកញ៉ាកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផងដែរ៕





