គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) បានបង្ហាញទិសដៅក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ដោយផ្តោតសំខាន់ៗលើរឿងចំនួន២។នេះបើយោងតាមជំនួបកាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ។

នាឱកាសនោះ លោកប្រធានសមាគម JCA បានសង្កត់ធ្ងន់អំពីការផ្ដោតអាទិភាពខ្ពស់របស់ JCA ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល។
ក្នុងឱកាសនោះដែរ, គណៈប្រតិភូ JCA ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីទិសដៅក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ចំនួន២ ៖ ១. ការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក, និង ២.ការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការជាមួយនឹងក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាលអ្នកថែទាំរថយន្ត ជាដើម។
ក្រៅពីនេះ, ក្នុងទិសដៅផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីវិនិយោគកម្ពុជា, JCA គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ដល់ក្រុមហ៊ុនជប៉ុនឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណដល់ JCA ដែលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជាការទាក់ទាញក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។ សម្ដេចធិបតី ជឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អក្នុងការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។ សម្ដេចធិបតីក៏សង្ឃឹមទៀតថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត។
តាមរយៈជំនួបនោះ សម្ដេចធិបតីបានជំរុញឱ្យជប៉ុន បន្តពិភាក្សា និងសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន


