គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការ, មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៦ ៣៨២ ០០០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួនជាង ៣៥ ម៉ឺននាក់ ដែលបានបរិច្ចាគក្នុង យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦។ នេះបើយោងតាមលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ក្នុងបណ្តាញសង្គមការងារផ្លូវការនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងអរព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធគន្ធបុប្ផា ដើម្បីបន្តបេសកកម្មសង្គ្រោះជិវិតទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះនៅកម្ពុជា។
លោកជំទាវបណ្ឌិត បានសង្កត់ធ្ងន់ថា មូលនិធិគន្ធបុប្ផាកម្ពុជានៅតែត្រូវការការចូលរួមបរិច្ចាគពីពុកម៉ែ បងប្អូន និងព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាអាចនៅបន្តបេសកកម្មនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា ទោះបីជាបន្ទាប់ពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ត្រូវបិទបញ្ចប់ក៏ដោយ៕


