សមាគមឧកញ៉ាកម្ពុជា អមដំណើរគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមូលដ្ឋានក្រុមហ៊ុន Huawei ក្នុងទីក្រុងដុងហ្គ័ន ខេត្តក្វាងទុង

សមាគមឧកញ៉ាកម្ពុជា

ដុងហ្គ័ន៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគនៅលើទឹកដីខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមូលដ្ឋានក្រុមហ៊ុន Huawei (Huawei Dongguan Campus) ស្ថិតក្នុងទីក្រុងដុងហ្គ័ន ខេត្តក្វាងទុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសិក្សា និងឈ្វេងយល់កាន់តែស៊ីជម្រៅអំពីការរីកចម្រើននៃបច្ចេកវិទ្យាទំនើប ការធ្វើបរិវត្តកម្មឌីជីថល និងដំណោះស្រាយបច្ចេកវិទ្យាវៃឆ្លាតរបស់ក្រុមហ៊ុន Huawei ព្រមទាំងស្វែងយល់ពីបទពិសោធន៍ និងគំរូអភិវឌ្ឍន៍ដែលអាចជាមូលដ្ឋានសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងការវិនិយោគរវាងកម្ពុជា និងចិន។

ជាកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញទស្សនាសាលពិព័រណ៍ Descartes Exhibition Hall ដែលជាមជ្ឈមណ្ឌលបង្ហាញបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងដំណោះស្រាយឌីជីថលរបស់ Huawei។ ក្នុងឱកាសនេះ គណៈប្រតិភូបានសិក្សាអំពីបច្ចេកវិទ្យាទំនាក់ទំនងទូរគមនាគមន៍ជំនាន់ថ្មី ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដំណោះស្រាយសេវា Cloud ហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត និងបច្ចេកវិទ្យាថាមពលបៃតង ដែលមានសក្តានុពលក្នុងការគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល។

បន្ទាប់មក គណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើដំណើរទស្សនាតាមរថភ្លើងពិសេស (VIP Train Tour) ដើម្បីសិក្សាអំពីការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ព្រមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយចីរភាព និងបរិស្ថានបៃតង ដែលត្រូវបានរៀបចំនៅក្នុងបរិវេណក្រុមហ៊ុន Huawei។

បន្តពីនេះ គណៈប្រតិភូបានអញ្ជើញទស្សនា សាកលវិទ្យាល័យ Huawei ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាកម្រិតខ្ពស់។ ដំណើរទស្សនកិច្ចនេះបានផ្តោតលើការឈ្វេងយល់អំពីប្រព័ន្ធបណ្តុះបណ្តាលជំនាញឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការរៀបចំកម្លាំងពលកម្មឱ្យមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មទី៤។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងបេសកកម្មការទូតសេដ្ឋកិច្ចនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគម ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់វិស័យឯកជនកម្ពុជា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងវិនិយោគិនអន្តរជាតិ ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្ស និងការវិនិយោគក្នុងវិស័យឌីជីថល។

ក្នុងន័យនេះ ការចូលរួមរបស់សមាគម មិនត្រឹមតែជាការសិក្សាឈ្វេងយល់ពីបច្ចេកវិទ្យា និងបទពិសោធន៍អភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ពង្រឹងការតភ្ជាប់បណ្តាញធុរកិច្ច បង្កើតភាពជាដៃគូថ្មីៗ និងជំរុញការស្វែងរកកាលានុវត្តភាពវិនិយោគ ដែលអាចរួមចំណែកដល់ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចកម្ពុជា–ចិន ស្វែងរកដៃគូយុទ្ធសាស្ត្រ និងទាក់ទាញវិនិយោគិនដែលមានសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ ចីរភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់។