ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញបើកជាផ្លូវការ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព”

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកជាផ្លូវការ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា ពិព័រណ៍ជាតិការ​ងារ និងផលិតភាពការងារ ដែលប្រៀបដូចជា “សួនការងារ” (Career Park) ដោយប្រមូលផ្តុំសហគ្រាស ក្រុមហ៊ុន និងឱកាសការងារជូនអ្នកកំពុងស្វែងរកការងារធ្វើ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងតាំងពីឆ្នាំ២០១១ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាអន្តរាគមន៍ទីផ្សារការងារ ពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានទីផ្សារការងារកាន់តែល្អ រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះ​ស្ថាន TVET ជាមួយអ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន ព្រមទាំងបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិតពីការបង្កើនផលិតភាពការងារ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ កម្មវិធីនេះបានកៀរគរអ្នកចូលរួមទស្សនាសរុប ៤៨ម៉ឺននាក់ ក្រុមហ៊ុនចូលរួមតាំងបង្ហាញចំនួន ១ ៣៨៥ ឱកាសការងារចំនួន ២៤ម៉ឺនកន្លែង និងអ្នកបានការងារធ្វើមានជាង ១ម៉ឺននាក់ភ្លាមៗក្នុងថ្ងៃពិព័រណ៍ និងអ្នកទទួលបានការងារជាច្រើនទៀតនៅថ្ងៃបន្តបន្ទាប់។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រសួងការងារ និងដៃគូដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើងដែលមិនត្រឹមតែជាកន្លែងតាំងបង្ហាញ និងស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការយុទ្ធសាស្ត្រគន្លឹះដែលផ្សារភ្ជាប់រវាងអ្នកស្វែងរកការងារ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ ដែលបានអន្តរាគមន៍ជួយអតីតពលករដោយបុរេសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ ក្រោមការតម្រង់ទិសរបស់ សម្តេចតេជោ និងការដឹកនាំរបស់ សម្តេចធិបតី តាមរយៈយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ជាពិសេសការសិក្សាពីទីផ្សារការងារដែលជាការត្រៀមខ្លួនទាំងពេលបច្ចុ​ប្បន្ន និងអនាគត។ តាមរយៈនេះ លោក ជឿជាក់ថា ពិព័រណ៍ជាតិនាពេលនេះនឹងជំរុញការគាំទ្រ និងចូលរួមបន្ថែមទៀតពីភាគីពាក់ព័ន្ធដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់​តែស្អិតល្មួតជាមួយរាជរដ្ឋាភិបាលដែលបង្កើនចំណេះដឹង និងបណ្តុះផ្នត់គំនិតពីការបង្កើនផលិតភាពការ​ងារបន្ថែមទៀត។

សូមបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុនធំៗចូលរួមតាំងបង្ហាញចំនួន ១៥០ក្រុមហ៊ុន ដែលផ្តល់ឱកាសការងារជាង ៣៥ ០០០កន្លែងសម្រាប់ដាក់ពាក្យភ្លាម សម្ភាសភ្លាមដោយផ្ទាល់ផងដែរ៕