ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីតម្លៃ និងសារៈប្រយោជន៍នៃបណ្ណកម្មសិទ្ធិដីធ្លី ដោយបានចាត់ទុកការទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ស្មើនឹងការទទួលបានកេរមរតក ឬការប្រគល់ ទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលធានាបាននូវសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំក្នុងការ កាន់កាប់អចលនវត្ថុ ព្រមទាំងជាដើមទុនសម្រាប់ទ្រទ្រង់ជីវភាព និងផ្ទេរតជំនាន់ ដល់កូនចៅបន្តវេន៕




















