សម្តេចនាយករដ្ឋមន្ត្រី បង្ហាញកង្វល់ធំចំពោះបណ្តាមេដឹកនាំមកភ្នំពេញ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីនិវត្តន៍ត្រឡប់ពីកោះបាលី ប្រទេសឥណ្ឌូនេស៊ី មកដល់ភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រហែល ១ម៉ោង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញនូវការព្រួយបារម្ភចំពោះស្ថានភាពសុខភាពមេដឹកនាំបណ្ដាប្រទេសនានាដែលបានមកចូលរួមប្រជុំកំពូលអាស៊ាននិងប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា កាលពីសប្តាហ៍មុន បន្ទាប់ពីសម្ដេចត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅប្រទេសឥណ្ឌូណេស៊ី ពេលកំពុងចូលរួមកិច្ចប្រជុំ G20 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារជាសំឡេងប្រមាណជិត ១០នាទី នៅព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីស្ថានភាពសុខភាព របស់សម្ដេចមិនមានអ្វីប្រែប្រួលនោះទេហើយក៏មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះដែរតែអ្វីដែលសម្ដេចបារម្ភបំផុតនោះគឺសុខភាពមេដឹកនាំពិភពលោកដែលអញ្ជើញមកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «កង្វល់ធំរបស់ខ្ញុំព្រះករុណាខ្ញុំគឺសុខាភាពរបស់មេដឹកនាំបណ្ដាប្រទេសនិងអង្គការអន្ដរជាតិនានាដែល បានមកប្រជុំនៅប្រទេសកម្ពុជា ថាតើពួកគាត់មានឆ្លងកូវីដ១៩ឬអត់។ ព្រោះថាមេដឹកនាំដែលមានការប្រជុំនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលហៅថាG20 នេះគឺដែលចេញពីកម្ពុជាទៅស្ទើរពាក់កណ្ដាល ។ ក្នុងនោះ ប្រធានាធិបតីឥណ្ឌូណេស៊ីគឺជាប្រធានបន្តវេនដែលនៅជាប់ជាមួយនឹងសម្តេចជានិច្ច ក្រៅពីនោះវានៅមានមេដឹកនាំមួយចំនួនទៀតគឺនៅជាប់កៀកគិតគ្នាចាប់ដៃគ្នាហើយធ្វើដំណើរជា មួយគ្នារាប់ទាំងប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរដែលអង្គុយបាយជាមួយគ្នា ធ្វើដំណើរជាមួយគ្នា និង អង្គុយប្រជុំជាមួយគ្នា ។ ប៉ុន្ដែឆ្លងកាត់ការស្រាវជ្រាវអ្នកដែលចូលរួមប្រជុំនៅ ប្រទេសឥណ្ឌូណេស៊ី និងអ្នកដែលត្រឡប់ទៅប្រទេសវិញពុំឃើញមានថ្នាក់ដឹកនាំរូបណាមួយដែលមានកូវីដឆ្លងចេញពីកម្ពុជានោះទេ»។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ ”មកដល់ពេលនេះអាការៈរបស់ខ្ញុំគឺនៅធម្មតាមិនមានអ្វីដែលប្លែកនោះទេ បាយក៏បានធម្មតា ការសម្រាកក៏បានធម្មតា ហើយខ្ញុំនឹងបន្តការព្យាបាល នេះតទៅទៀត។ ខ្ញុំនឹងធ្វើការនៅផ្ទះលើកលែងតែមានការទទួលភ្ញៀវតែប៉ុណ្ណោះ ដែលខ្ញុំនឹងខិតខំព្យាបាលជំងឺនៅក្នុងកាលៈទេសៈនេះ ហើយមិនមានអ្វីជាការធ្ងន់ធ្ងរនោះទេ”៕