ការទិញ-លក់ដីឡូត៌ក្នុងស្រុកស្ងប់ស្ងាត់អាចអូសបន្លាយយូរថែមទៀតបើពិភពលោកបន្តជួបបញ្ហា

សង្គម​និង​សេដ្ឋកិច្ច

អស់រយៈពេលជិត២ឆ្នំាមកនេះ គេសង្កេតឃើញសកម្មភាពទិញលក់ដីឡូត៌ អាចនិយាយបានថាសឹងតែនៅទូទំាងប្រទេសមានភាពស្ងប់ស្ងាត់លែងកម្រើកទំាងអ្វីទំាងអស់ សូម្បីតែសកម្មភាពដាក់បង្ហាញគម្រោងដីឡូត៌នៅតាមដងផ្លូវជាតិ ក៏ដូចជាការផ្សព្វផ្សាយនៅបណ្តាញទំនាក់ទំនងសង្គមសព្វថ្ងៃនេះ។ការស្ងប់ស្ងាត់នៃការទិញលក់ដីឡូត៌នេះប្រហែលអូសបន្លាយ រយៈពេលយូរបន្ថែមទៀត បើសេដ្ឋកិច្ចពិភពលោកនៅតែបន្តរងផលប៉ះពាល់ដោយសារសង្គ្រាមកើតឡើងដូចសព្វថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ច្រឹក សុខនីម អគ្គនាយក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងថា នៅពេលបច្ចុប្បន្ននេះស្ថានភាពដីឡូត៌ភាគច្រើនភាគច្រើននៃទីផ្សារនៅទ្រឹងដោយសារទិដ្ឋភាពនៃបញ្ហាប្រឈមនៃសេដ្ឋកិច្ច ហើយប្រជាជនសព្វថ្ងៃនេះគាត់ប្រើប្រាស់ធនធានរបស់ពួកគាត់ទៅលើរបស់ណាដែលចំាបាច់ ហើយសំខាន់បំផុត។ដូចនេះការទិញដីឡូត៌នៅពេលខ្លះសម្រាប់ការវិនិយោគហាក់មានការថមថយបន្តិច ដោយសារតែប្រជាពលរដ្ឋផ្តល់អាទិភាពទៅឱ្យការប្រើប្រាស់ឬ ការរស់នៅប្រចំាថ្ងៃ ខណៈបញ្ហាប្រឈមមួយចំនួនផ្សេងទៀត ធ្វើឱ្យពលរដ្ឋនៅមានភាពស្ទាក់ស្ទើក្នុងការវិនិយោគ។

លោក ច្រឹក សុខនីម មានប្រសាសន៍ថា «តាមទស្សនៈរបស់ខ្ញុំ គឺត្រូវការពេលនៅពេលស្ថានភាពសេដ្ឋកិច្ចគាប់ប្រសើបានត្រឡប់មកវិញ ដល់ពេលនោះដីឡូត៌នឹងរីកចម្រើនឡើងកាន់តែខ្លំាងតទៅទៀត។តែស្ថានភាពឥលូវយើងមានការលំបាកទំាងអស់គ្នា»។

បើតាមអ្នកជំនាញខាងអចលនទ្រព្យនិងសំណង់ខាងលើរូបនេះ ដីឡូត៌មានសកម្មភាពដោះដូរខ្លះៗ តែមានច្រើនដូចកាលពីពេលមុន ព្រោះពីមុនភ្ញៀវ និងអ្នកវិនិយោគគាត់ទិញដីឡូត៌ច្រើន តែនៅពេលសព្វថ្ងៃនេះ គាត់បង្វែរទិសដៅនៃការវិនិយោគរបស់ពួកគាត់ទៅរកកន្លែងណាដែលមានភាពចំាប៉ុណ្ណោះ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា« ទាក់ទងនិងការស្ងប់ស្ងាត់ឬការធ្លាក់ចុះចរន្តទិញលក់ដីឡូត៌នេះ យើងបានដឹងគ្រប់គ្នាហើយថា ជាទូទៅនៅក្នុងប្រទេសរបស់យើង មិនថានៅក្រុងភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗមានការថយចុះច្រើនគួរឱ្យកត់សម្គាល់។

ការស្ងប់ស្ងាត់នៃការទិញលក់ដីឡូត៌ វាឆ្លុះបញ្ចំាងឱ្យឃើញអំពីសកម្មភាពសេដ្ឋកិច្ច ប្រាក់ចំណូល ការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ ម្លោះហើយបានជំរុញឱ្យប្រជាពលរដ្ឋនឹកមិនឃើញចង់ទៅទិញដីឡូត៌ឬ ទិញផ្ទះជាដើម»។
បើតាមអ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថាលុះណាតែសង្គ្រាមរុស្ស៊ីអ៊ុក្រែនរួមទំាងសង្គ្រាមកំពុងតែកើតឡើងថ្មីៗនេះរវាងប៉ាលីស្ទិននិងអ៊ីស្រាអែល ស្ងប់ស្ងាត់ឬបិទបញ្ចប់ ហើយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ឬការដាក់ទណ្ឌកម្មផ្សេងៗរបស់សហរដ្ឋអាមេរិកទៅសហព័ន្ធរុស្ស៊ីនិងសម្ព័ន្ធមិត្តនេះមានការថមថយ ទើបធ្វើឱ្យសណ្តាប់ធ្នប់សកលឬការផ្គត់ផ្គង់សកលវិលត្រឡប់មករកភាពល្អឡើងវិញ។

លោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថា «មុខរបរដីឡូត៌ឬលំនៅឋាន វាកម្រើកបានលុះណាវិស័យសំខាន់ៗជាច្រើនដែលជាបេះដូងនៃសេដ្ឋកិច្ចជាតិកម្រើកឬរីកចម្រើន តែបើវិស័យទំាងនោះមិនមានការកម្រើកខ្លំាងនោះទេ ការលក់ទិញលក់ដីឡូត៌វាមិនសូវស្ទុះទេ។ក្រៅពីនេះបើមានការវិនិយោគច្រើន ពលរដ្ឋមានការងារធ្វើ អាចរកប្រាក់ចំណូលទៀងទាត់ ហើយជំរុញវិស័យដទៃផ្សេងទៀតរបស់សង្គម រស់រវើកឡើង ទើបការលក់ដីឡូត៌ឬការលក់លំនៅឋានជាដើមនេះអាចកម្រើកត្រឡប់ទៅដូចកាលពីមុនបាន»៕

អត្ថបទ៖ សារេត