ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ខែមេសានេះ បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងវិស័យកសិកម្មនៅកម្ពុជា ដែលប្រឈមនឹងការប្រែប្រួលអាកាសធាតុតាមរយៈការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាសម្រាប់គម្រោងកសាង “ទំនាក់ទំនងចម្រុះរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្មដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា”។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “គម្រោងក្នុងភាពជាដៃគូ ជាមួយ ទីភ្នាក់ងារកយកា នេះនឹងផ្តល់ការពង្រឹងសមត្តិភាពដល់មន្ត្រីកសិកម្មឃុំរបស់យើងនូវជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីគាំទ្រកសិករក្នុងការទទួលយកការអនុវត្តកសិកម្មក្នុងការប្រើប្រាស់ធាតុចូលកសិកម្មត្រឹមត្រូវតាមបច្ចេកទេស”។

លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា ប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ ទីភ្នាក់ងាកយកាក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ លោកស្រី មានប្រសាសន៍ថាទីភ្នាក់ងាកយកាប្តេជ្ញាចិត្តធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងវិស័យកសិកម្មដែលមានភាពធន់ និងវិបុលភាព។
ភាពជោគជ័យនៃការអនុវត្តគម្រោងនេះត្រូវបានគេរំពឹងថានឹងនាំទៅដល់ការបង្កើនផលិតភាពកសិកម្ម ការលើកកម្ពស់ជីវភាពប្រជាកសិករ និងការពង្រឹងភាពធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
គម្រោងសំខាន់នេះ ត្រូវបានផ្ថល់ដោយទីភ្នាក់ងារកយកាក្រោមជំនួយឥតសំណងប្រមាណ១២លានដុល្លា។ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ គម្រោងនេះមានគោលបំណងបង្កើតផ្នែកផ្សព្វផ្សាយកសិកម្មចម្រុះដោយមានការរួមគ្នារវាង ការអប់រំ ការស្រាវជ្រាវ និងការផ្សព្វផ្សាយដោយផ្តោតលើការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។
សមាសធាតុសំខាន់ៗនៃគម្រោងរួមមានការពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ ដែលជាតួអង្គយ៉ាងសំខាន់ ដើរតួនាទីក្នុងការផ្សព្វផ្សាយចំណេះដឹង និងបច្ចេកទេសការអនុវត្តកសិកម្ម ទៅដល់កសិករនៅថ្នាក់មូលដ្ឋាន។ គម្រោងនេះ នឹងគាំទ្រសម្ភារៈបរិក្ខារអប់រំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រួមទាំងអគារសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា និងអគារមួយផ្សេងទៀតសម្រាប់ការបង្កើនសមត្ថភាព មន្រ្តីកសិកម្មឃុំ ។
កម្មវិធីសិក្សា បរិក្ខារ ព្រមទាំងសម្ភារៈអប់រំ និងបណ្តុះបណ្តាលក៏នឹងត្រូវបានផ្តល់ជូនផងដែរ។ លើសពីនេះទៀត សមត្ថភាពរបស់សាស្ត្រាចារ្យនឹងត្រូវបានលើកកម្ពស់តាមរយៈកម្មវិធីបណ្តុះបណ្តាលក្រៅប្រទេស និងការបណ្តុះបណ្តាលនៅក្នុងប្រទេស៕SL


