លោក ឌិត ទីណា៖ បញ្ហាស្រូវចុះថ្លៃ ក្រសួងកំពុងតែបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា ក្រសួងកសិកម្មកំពុងតែបំពេញការងារ និងបន្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាធ្លាក់ចុះនៃថ្លៃស្រូវនេះ។ ការអះអាងជាថ្មីនេះ ធ្វើឡើងដើម្បីបំភ្លឺចំពោះការរិះគន់ថា ក្រសួងមិនបានយកចិត្តទុកដាក់រឿងស្រូវធ្លាក់ថ្លៃ និងបង្ហាញយុទ្ធសាស្រ្តដោះស្រាយបញ្ហាតម្លៃស្រូវនាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅថ្ងៃទី២៧ ខែវិឆ្ឆិកា បានឱ្យដឹងថា ការធ្លាក់ចុះនៃថ្លៃស្រូវ កើតឡើងជារៀងរាល់ឆ្នាំ ចាប់ពីដើមខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ ព្រោះវាជារដូវប្រមូលផលរបស់បងប្អូនប្រជាកសិករ។

លោកបន្តថា នេះជាកត្តាសត្យានុម័តដែលមិនអាចប្រកែកបាន ហើយវាពុំមែនជាកំហុសរបស់ប្រជាកសិករទាល់តែសោះនៅពេលដែលដំណាំស្រូវរបស់លោកដល់ពេលប្រមូលផល និងត្រូវតែប្រមូលផលឱ្យទាន់សភាពការណ៍។ ឯកឧត្តមបន្ថែមថា ដំណោះស្រាយចំពោះវិស័យកសិកម្ម គឺទាមទារឱ្យសម្លឹងមើលទាំងមូលនិងឱ្យបានគ្រប់ជ្រុងជ្រោយ មិនមែនមើលត្រឹមតែផ្នែកណាមួយនោះទេ។ ចំពោះដំណោះស្រាយទៀតសោត គឺត្រូវតែជាដំណោះស្រាយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

យ៉ាងណា លោកថា នេះគឺជាការងារលំបាក និងត្រូវប្រើពេលយូរ ប៉ុន្តែជាការងារដែលចាំបាច់ត្រូវតែធ្វើ ហើយអ្នកចាប់ផ្តើមមុនគេ នឹងទទួលបានផលមុនគេដែរ។ ហេតុនេះ ក្រសួងកសិកម្មកំពុងតែបំពេញការងារ និងបន្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា៕ អត្ថបទ៖ រង្សី