ក្រសួងទេសចរណ៍ រៀបចំការជិះកង់ ៧៣គីឡូម៉ែត្រ អបអរខួបឯករាជ្យជាតិ និងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី»

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍កីឡាទេសចរណ៍ជិះកង់អូដាកចម្ងាយ ៧៣ គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិប្រមាណ ៦០០នាក់ ដើម្បីអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងជាការបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍ប្រតិភូអន្តរជាតិមកកាន់ «ភូមិហ្វ្រង់កូហ្វូនី» ដោយស្នាមញញឹមខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយក្លឹបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការរំលឹកគុណូបការៈ និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានទាមទារឯករាជ្យពេញលេញជូនជាតិមាតុភូមិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចម្ងាយផ្លូវ ៧៣គីឡូម៉ែត្រ នៃក្បួនជិះកង់នេះ គឺជានិមិត្តរូបតំណាងឱ្យខួប ៧៣ឆ្នាំ នៃឯករាជ្យជាតិកម្ពុជា ហើយទន្ទឹមគ្នានេះ ក៏ជាចលនាដ៏រស់រវើកឆ្ពោះទៅកាន់ការរៀបចំ ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។

លោក ហួត ហាក់ បានបញ្ជាក់បន្ថែមថា ភូមិហ្វ្រង់កូហ្វូនី នឹងរៀបចំឡើងយ៉ាងអធិកអធម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ដោយបើកឱ្យសាធារណជន និងភ្ញៀវទេសចរចូលទស្សនាដោយសេរី និងឥតគិតថ្លៃ។ នៅក្នុងភូមិនេះ នឹងមានពន្លាជាតិបង្ហាញពីអត្តសញ្ញាណ វប្បធម៌ និងសក្តានុពលទេសចរណ៍ រួមជាមួយស្តង់ពិព័រណ៍ទូទៅចំនួន ១៣០ ស្តង់ និងភូមិម្ហូបអាហារ ៣០ ស្តង់ ដើម្បីបង្ហាញសមិទ្ធផលរដ្ឋ-ឯកជន ព្រមទាំងផ្តល់ឱកាសភ្លក់រសជាតិម្ហូបប្រពៃណីខ្មែរ និងអន្តរជាតិ អមដោយការសម្តែងសិល្បៈ ការប្រគុំតន្ត្រី និងសន្និសីទផ្លាស់ប្តូរវប្បធម៌នានា។

ជាចុងក្រោយ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីរួមគ្នា នាំអច្ឆរិយភាពកម្ពុជា ទៅកាន់ពិភពលោក និង នាំពិភពលោកមកស្គាល់បេះដូងដ៏កក់ក្តៅរបស់កម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយភាពស្រស់ស្អាតរបស់កម្ពុជា តាមរយៈយុទ្ធនាការ «១ នាក់, ១ រូបភាព និង ១ សារ» លើបណ្តាញសង្គមផងដែរ៕