កម្ពុជា ស្នើកូរ៉េខាងត្បូងពន្លឿនបើកការដ្ឋានសង់ស្ពានឆ្លងទៅអរិយក្សត្រ ខណៈពន្យាពេលអស់ជិត៤ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ជៀម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានស្នើកូរ៉េខាងត្បូងជួយពន្លឿនគម្រោងសាងសង់ «ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ» ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈគម្រោងមួយនេះបានពន្យាពេលអស់ជិត៤ឆ្នាំទៅហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបជាមួយប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅថ្ងៃទី៩ ខែមីនានេះ ឯកឧត្តម ប្រាប់ទៅកាន់ភាគីកូរ៉េថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ជានិមិត្តរូប នៃមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។

កាលពីឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងឱ្យជួយសាងសង់ស្ពានមិត្តភាពមួយខ្សែភ្ជាប់ពីតំបន់ផ្សាររាត្រី ទៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ និងទៅកាន់តំបន់អរិយក្សត្រខេត្តកណ្ដាល ដែលប្រសិទ្ធិនាមថា«ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ»។

បន្ទាប់មកនៅឆ្នាំ២០២២ សាធារណរដ្ឋកូរ៉េ តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានប្រកាសពីការយល់ព្រមជួយសាងសង់ស្ពានមួយខ្សែនេះ ជាមួយនឹងក្ដីរំពឹងថាស្ពានមិត្តភាពនេះ នឹងជួយឱ្យរាជធានីភ្នំពេញបេះដូងនៃកម្ពុជាក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ពិសេសជនជាតិកូរ៉េផ្ទាល់ បន្ថែមពីនោះជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងការកកស្ទះចរាចរណ៍។

យ៉ាងណាក៏ដោយ កាលបរិច្ឆេទនៃការបើកការដ្ឋានសាងសង់ស្ពាន បានក្លាយជារឿងមិនច្បាស់លាស់ ត្បិតមន្ត្រីក្រសួងសាធារណៈការ ធ្លាប់បញ្ជាក់ថា ស្ពាននេះអាចបើកការដ្ឋាននៅចុងឆ្នាំ២០២២ ប៉ុន្តែមិនអាចលេចចេញជារូបរាង។ នៅខែកុម្ភៈ ឆ្នាំ២០២៤ ទូតកូរ៉េប្រចាំកម្ពុជា រំពឹងថា ស្ពាននេះអាចបើកការដ្ឋាននៅដើមឆ្នាំ២០២៥។ ក្រោយមកទៀត អ្នកនាំពាក្យក្រសួងសាធារណការ លើកឡើងថា ស្ពាននេះ អាចបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែមកដល់ដើមឆ្នាំ២០២៦ នេះ នៅតែមិនទាន់បើកការដ្ឋានសាងសង់បានឡើយ។

គូសបញ្ជាក់ថា គម្រោងស្ពាននេះ ជាប្រភេទស្ពានខ្សែកាប ប្រវែងសរុប២ ៣៧៥ម៉ែត្រ និងទទឹង២៧.៥ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ២៣៥លានដុល្លារ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ៕