កិច្ចប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៧ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ ជាឯកច្ឆន្ទ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋសភា កាលទី១៧ ខែតុលា ឆ្នាំ២០២៥ បានបើកសម័យប្រជុំវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន ៥។ កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧នេះ  បានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៥ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពី បម្លាស់ទីរូបវន្តបុគ្គល។៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។

រដ្ឋសភា បញ្ជាក់ថា សេចក្តីព្រាងច្បាប់ទំាង៥ ខាងលើនេះ មានសារៈសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា សុវត្ថិភាពចំណីអាហារ យុត្តិធម៌ ទំាងក្នុងប្រកខណ្ឌព្រះរាជាណាចក្រកម្ពុជា តំបន់អាស៊ាន និង ពិភពលោក។

សូមជម្រាបដែរថា តាមរយៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ បានពិភាក្សា និងអនុម័តសេចក្តីព្រាងទំាង៥ មួយម្តងៗ ហើយបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ទំាងអស់ជាឯកច្ឆន្ទផងដែរ៕អត្ថបទ៖ហ្សាលីន