ក្រសួងការពារជាតិ ហាមដាច់ខាតការប្រើប្រាស់ដូ្រនគ្រប់ប្រភេទ នៅក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូ្រន) គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីណែនាំ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានធ្វើការណែនាំចំនួន៣ចំណុច៖

១.ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូ្រន) គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។

២.ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូ្រន) ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។

៣.អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូ្រន) ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូន (Anti-Drone System)។

ក្រសួងការពារជាតិសង្កត់ធ្ងន់ថា ទទួលបានសេចក្ដីណែនាំនេះ គ្រប់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យបាន ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕