លោក ប៉ែន បូណា៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរ លើឆាកអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ស្ថិតលើទឹកដីកម្ពុជា គឺជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរ នៅលើឆាកអន្តរជាតិ ដោយធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងលាន់មាន់គ្រប់គ្នាថា «Amazing Cambodia» ស្របតាមអត្ថន័យ ព្រះរាជាណាចក្រអច្ឆរិយៈ ( Kingdom of Wonder)។ នេះជារូបភាពថ្មីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងទៀតថា មិនត្រឹមតែជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរ នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យជាច្រើនអនេកទៀតដូចជា៖

១. បណ្តុះស្មារតីកូនខ្មែរឲ្យស្រឡាញ់កីឡាកាន់តែខ្លាំងថែមទៀតស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច»។

២. បណ្តុះមោទកភាពជាតិដល់ខ្មែរគ្រប់រូបតាមរយៈការគាំទ្រនិងការសាទរយ៉ាងគគ្រឹកគគ្រេងដល់អត្តពលិកជាតិដោយអារម្មណ៍ក្តុកក្តួលរហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទោះជាពួកគេបានទទួលជោគជ័យឬបរាជ័យក្តីពីព្រោះពួកគេបានខិតខំដើម្បីមុខមាត់ប្រទេសជាតិ។

៣. មហាទស្សនីយភាពពេលបើកស៊ីហ្គេមដែលធ្វើឲ្យអ្នកទស្សនាព្រឺសម្បុរគ្រប់គ្នាគឺជាការដាស់ស្មារតីខ្មែរឲ្យឃើញពីអច្ឆរិយភាពក្នុងអតីតកាលដើម្បីកសាងភាពរុងរឿងមួយសម្រាប់បច្ចុប្បន្នកាលនិងអនាគតក្រោមម្លប់សុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។

៤. បង្ហាញពីភាពខ្លាំងដ៏គួរឲ្យស្ញប់ស្ញែងរបស់ខ្មែរតាមរយៈការដណ្តើមបានមេដាយយ៉ាង ច្រើនសន្ធឹកសន្ធាប់របស់អត្តពលិកខ្មែរ នាំមុខគេពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើក ដំបូងបន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ស្របតាមស្មារតី «ខ្មែរអាចធ្វើបាន»។

៥. បង្ហាញពីភាពថ្លៃថ្នូរនិងឯកភាពជាតិខ្មែរគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមលើកស្ទួយមុខមាត់ប្រទេសជាតិតាមរយៈការបង្ហាញស្នាមញញឹម រីករាយ រាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវបរទេសទោះបីឈ្នះឬចាញ់ ស្រប តាមការចង់បានរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងអត្ថន័យ «កីឡារស់ក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព»។

សូមរម្លឹកថា ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមជាផ្លូវការ កាលពីថ្ងៃទី០៥ ឧសភា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា។ ទីតាំងប្រកួត ដែលជាគោលធំៗ រួមមាន រាជធានីពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប៕

អត្ថបទ៖ ស៊ីណាត