នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត រ៉ាវី ខេតារប៉ាល់ (Dr. Ravi Khetarpal) នាយកប្រតិបត្តិនៃសមាគមស្ថាប័នស្រាវជ្រាវកសិកម្មតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APAARI)។ ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការបង្កើតទីស្នាក់ការកណ្តាលរបស់សមាគម APAARI នៅកម្ពុជា។


ក្នុងឱកាសនោះ ឯកឧត្តម កាន់ ផារិទ្ធ បានសម្តែងការស្វាគមន៍ចំពោះការចុះហត្ថលេខានេះ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានបញ្ជាក់សាជាថ្មីនូវការបន្តគាំទ្រចំពោះការបង្កើតទីស្នាក់ការកណ្តាល ព្រមទាំងប្រតិបត្តិការការងាររបស់សមាគមនេះនៅកម្ពុជា។
ជាការឆ្លើយតប លោកបណ្ឌិត រ៉ាវី ខេតារប៉ាល់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការបង្កើតទីស្នាក់ការកណ្តាលនេះ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាគម APAARI ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយស្ថាប័នកម្ពុជា ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឱ្យកាន់តែរឹងមាំបន្ថែមទៀត៕



