ក្រសួងអប់រំ ដឹកនាំគណៈប្រតិភូទស្សនកិច្ចមជ្ឈមណ្ឌលផលិតកម្ម និងស្រាវជ្រាវចំណីអាហារ Atomy Orot Factory នៅទីក្រុង Gongju សាធារណរដ្ឋកូរ៉េ

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះទស្សនកិច្ចសិក្សាឈ្វេងយល់នៅមជ្ឈមណ្ឌលស្រាវជ្រាវ Atomy Orot នាទីក្រុង Gongju សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃចំណីអាហារ និងអាហារូបត្ថម្ភប្រកបដោយស្តង់ដារអនាម័យ សុវត្ថិភាពខ្ពស់ និងការអនុវត្តបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យឧស្សាហកម្មកែច្នៃចំណីអាហារ។

ក្នុងឱកាសនោះ លោក Kim Yung il អនុប្រធានក្រុមហ៊ុន Atomy Orot បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូកម្ពុជា ព្រមទាំងបានបង្ហាញពីប្រភេទនៃផលិតផលជាច្រើនដែលក្រុមហ៊ុនបានផលិត ស្របតាមចក្ខុវិស័យ របស់ ក្រុមហ៊ុន Atomy Orot គឺ ការបង្កើតស្តង់ដារអាហារបរិសុទ្ធ និងសុវត្ថិភាពខ្ពស់បំផុត ព្រមទាំងក្លាយជាអ្នកដឹកនាំក្នុងការផលិត និងផ្គត់ផ្គង់ម្ហូបអាហារដែលមានសុវត្ថិភាព គុណភាពខ្ពស់ និងគ្មានសារធាតុគីមីគ្រោះថ្នាក់ ដើម្បីសុខុមាលភាពរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក និងមានបេសសកម្មក្នុងការផ្តល់ជូននូវអាហារពិតពីធម្មជាតិ (Honest Food) ដោយផ្តោតលើការជ្រើសរើសវត្ថុធាតុដើមធម្មជាតិល្អបំផុត មិនប្រើប្រាស់សារធាតុបន្ថែមដែលបង្កគ្រោះថ្នាក់ និងរក្សាតម្លៃជីវជាតិដើមឱ្យនៅគង់វង្ស។

ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ បានថ្លែងនូវការកោតសរសើរចំពោះការវិនិយោគលើបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មទំនើប ការគ្រប់គ្រងស្តង់ដារគុណភាពយ៉ាងម៉ត់ចត់របស់ Atomy Orot ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Atomy ដែលកន្លងមកតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា៕