កម្ពុជា គ្រោងចំណាយថវិកាជាង ១២០០លានដុល្លារ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានប្រកាសត្រៀម​ដាក់ឱ្យអនុវត្ត​ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ» ដែលគ្រោងចំណាយថវិកាជាង ១២០០លានដុល្លារ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ។ នេះយោងតាមសេចក្តីប្រកាសស្តីពី លទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសដដែល បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងវិបត្តិដែលកើតឡើងផ្ទួនៗ រាជរដ្ឋាភិបាលកម្ពុជា ​បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ។

ជុំវិញរឿងនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល បានដឹកនាំកិច្ចប្រជុំនេះ បានឱ្យដឹងថា «កម្មវិធីអន្តរាគមន៍» នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន ៤ គឺថវិការដ្ឋ, ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។

តាមរយៈការអនុវត្តកម្មវិធីអន្តរាគមន៍នេះ រដ្ឋាភិបាលបញ្ជាក់ថា គឺប្រកាន់យកអភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor) និងរៀបចំជា៣ កញ្ចប់អន្តរាគមន៍​ រួមបញ្ចូល វិធានការដែលមាន កម្មវិបាកភ្លាមៗ និង វិធានការដែលមានកម្មវិបាកក្នុងរយៈពេលខ្លី និងមធ្យម​ ។ កញ្ចប់វិធានការទី១ ផ្តោត​លើការ-រក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, កញ្ចប់វិធានការ ទី២ ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និង កញ្ចប់អន្តរាគមន៍ទី ៣ ផ្តោតលើការ-គ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល៕ អត្ថបទ៖ហ្សាលីន