អតីតអគ្គនាយករងធនាគារ វឌ្ឍនៈ ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកគ្រប់គ្រង ពីប្រទេសបារាំង

សង្គម​និង​សេដ្ឋកិច្ច

សាកលវិទ្យាល័យ អន្តរជាតិអីរ៉ុបផែន ហៅជាភាសាអងគ្លេសថា European International University ដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីស ប្រទេសបារាំង សម្រេចផ្តល់នូវសញ្ញាបត្របណ្ឌិតផ្នែកគ្រប់គ្រង (Professional Doctoral Certificate in Management) ជូនលោក លឹម អូន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សញ្ញាបត្របណ្ឌិតនេះ ត្រូវបានផ្តល់ជូនដោយពិនិត្យឃើញយ៉ាងជាក់ច្បាស់លើស្នាដៃព្រមទាំងសមិទ្ធផលដ៏ធំធេង ដែលលោកបានរួមចំណែកក្នុងវិស័យសេដ្ឋកិច្ច ការគ្រប់គ្រងអាជីវកម្ម និងសង្គមកិច្ចពោរពេញដោយទេពកោសល្យ ចំណេះដឹង ជំនាញនិងប្រកបដោយវិជ្ជាជីវៈ។

លោក លឹម អូន បច្ចុប្បន្នកំពុងកាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។ ក្រៅពីនេះ លោកធ្លាប់កាន់ដំណែងជា ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា ដោយនៅទីនោះ លោកមានភារកិច្ចដឹកនាំ និងទទួលខុសត្រូវលើស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មជាង ២ពាន់លានដុល្លារអាមេរិក។

លោកក៏មានបទពិសោធន៍ជាង ២០ឆ្នាំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនសវនកម្មអន្តរជាតិដោយកាន់តួនាទីជាសវនករជាន់ខ្ពស់នៅក្រុមហ៊ុន ខេភីអឹមជី នៅកម្ពុជា និងប្រទេសម៉ាឡេស៊ី ចាប់ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០២។

ក្នុងឆ្នាំ២០០២ លោកបានចាប់ផ្តើមបម្រើការងារនៅធនាគារវឌ្ឍនៈ របស់មហាសេដ្ឋី សំ អាង អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ កាលពីតាល់ ដោយត្រូវបានតែងតាំងក្នុងមុខតំណែងជាច្រើនដូចជា៖ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់សាខាកណ្តាល ជានាយកនាយកដ្ឋានហិរញ្ញវត្ថុ និងរតនាគារ ជានាយកនាយកដ្ឋានប្រតិបត្តិការ និងចុងក្រោយកាន់តំណែងជាអគ្គនាយករងរបស់ធនាគារវឌ្ឍនៈរហូតដល់ចុងឆ្នាំ២០១២។

តាមរយៈពេលជាង ២០ឆ្នាំក្នុងការបំពេញការងារនេះហើយ លោក លឹម អូន ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ឬ ធ.ស.ក តាមរយ:អនុក្រឹត្យ ចុះថ្ងៃទី ១៧ សីហា ឆ្នាំ២០២១៕