ក្រុមហ៊ុនមួយរបស់ម៉ាទ្បេស៊ី គ្រោងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. ជាក្រុមហ៊ុនរបស់ម៉ាឡេស៊ី មានបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា។ ការបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនខាងលើនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ជាមួយលោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ីតាំងពីឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group ដែលមានសកម្មភាពអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ, កម្មន្តសាល, ការអភិវឌ្ឍអចលនទ្រព្យ, បដិសណ្ឋារកិច្ច។ល។

ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន Hong Leong Group បានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣។

លោក ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពគម្រោងផ្គុំដំទ្បើងទោចក្រយានយន្តមួយចំនួនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងរបបលើកទឹកចិត្តដល់គម្រោងវិនិយោគផ្គុំ និងដំទ្បើងទោចក្រយានយន្ត។

លោកក៏បានលើកឡើងពីសក្តានុពលវិនិយោគក្នុងវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្ម, ការផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំអគ្គិសនីដែលជាកន្សោមឧស្សាហកម្មដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការផលិតគ្រឿងសង្ហារិមផងដែរ ដែលក្រុមហ៊ុនអាចគិតគូរពិចារណាបណ្តាក់ទុនវិនិយោគផងដែរ៕